រថយន្ដបុកខឿនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖​ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបើករថយន្តទៅបុកខឿនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១៣នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩) ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3581 មានសណ្ដោងរ៉ឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-0265 (រថយន្ដក្រុមហ៊ុនត្រេនស្តា) អ្នកបើកបរឈ្មោះ ទេព ស៊ីថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចដូចខាងលើបានទៅបុកខឿនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ រួចរថយន្ដក៏រេចង្កូតមកខាងឆ្វេងដៃទៅបុកបង្គោលខ្សែភ្លើងមួយទៀត និងប៉ះទ្វារផ្ទះ ។

ប្រភពបន្តថា ករណីនេះបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ: របួសធ្ងន់០១នាក់ប្រុស (អ្នកបើកបររថយន្ដ), ខូចរថយន្ដ ១គ្រឿងយ៉ាងដំណំ, ខូចបង្គោលភ្លើងពីរដើម និងខូចទ្វារផ្ទះមួយ ៕ មណ្ឌលច្បារមន

Loading...