ភ្នំពេញ ៖ ចេញពីជួបជុំមិត្តភក្តិថ្ងៃសែនក្បាលទឹកជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រក្រុម ហ៊ុនផែស្ងួតហុង ឡេង ហួរ បុកបណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៨ ខែសីហា តាមបណ្តោយផ្លូវជាតិលេខ4 ភូមិវាល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូស្កុកពី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AT5644 ជិះគ្នា២នាក់ ទើបនឹងចេញពីផ្ទះមិត្តភក្កិនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរពីលិចទៅកើតតាមផ្លូវជាតិលេខ៤ ចំណែករថយន្ត កុងតឺន័រម៉ាក គា ពណ៌សលាយទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 3B 6742បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ ម៉ូតូបត់ឆ្វេងឆ្លងផ្លូវត្រូវរថយន្តកុងតឺន័របុកចំពីមុខពេញទំហឹង អូសម៉ូតូជាប់ពីមុខរថយន្តអូសជាង១០ម៉ែត្រទើបរថយន្តឈប់ ហើយអ្នកបើករថយន្តរត់គេចខ្លួនបាត់ ចំណែកអ្នកបើកម៉ូតូផ្លោងបោកនឹងរថយន្តរហែកអាវរយះដើមទ្រូងស្លាប់នៅកន្លែងកើត ហេតុ រីឯអ្នករួមដំណើរជាមួយសន្លប់ស្តូកស្តឹងត្រូវរថយន្តសង្គ្រោះដឹកយកទៅដល់ មន្ទីរពេទ្យបែកចានក៏ដាច់ខ្យល់ស្លាប់បាត់ ។
សពជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះសឿន ថេន ភេទប្រុស អាយុ28 ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជម្ពូព្រឹក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។
ចំណែកសពដែលស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឈ្មោះ ភ័ក្រ្ត ភេទប្រុស អាយុ30ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិពោធិ៍រោង ស្រុកជីផុច ខេត្តព្រៃវែង ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តក្នុងស្រុកអង្គស្នួលរង់ចាំសាច់ញាតិមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅដោះស្រាយ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕