រថយន្តកុងតឺន័រដឹកធ្ងន់ នៅស្ពានអ្នកលឿងត្រូវ កម្លាំងនគរបាលចាប់វាយខ្នោះ

ខេត្តព្រៃវែង៖ មិនទាន់បាត់ស្នាមការជួសជុល នៃការខូចខាតនៅឡើយផង ស្រាប់តែនៅពេលនេះមានរថយន្តកុងតឺន័រ ដឹកធ្ងន់មួយគ្រឿងទៀតហើយ បានខូចនៅលើស្ពាន និងបំផ្លាញស្ពានតឹ្សបាស្សា ហៅស្ពានអ្នកលឿងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ក្រោយរថយន្តធន់យក្សមួយនេះ បានខូចខណៈបើកឆ្លងកាត់។ សម្រាប់ករណីនេះ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ព្រមទាំងបានចាប់វាយខ្នោះ អ្នកបើកបររថយន្តយកទៅសួរនាំ និងចាត់ការតាមច្បាប់ទៀតផង។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះថា «នៅយប់មិញត្រង់ចំណុចស្ពានត្សឹបាស្សា ហៅស្ពានអ្នកលឿងត្រើយខាងកើត មានករណីរថយន្តកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-4841 បានខូចនៅលើស្ពានបណ្តាលឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់ចរាចរណ៍ និងទ្រុតកម្រាលកៅស៊ូស្ពាន ដោយកំណល់កង់ឡានសង្កត់លើកៅស៊ូ»។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា អ្នកបើករថយន្តមានឈ្មោះ ជ័យ សំអុល អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំរការធំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាលរបស់លោក ឃាត់ខ្លួននៅអធិការដ្ឋានស្រុកពាមរក៍។ សម្រាប់រថយន្តដែលខូចនៅលើស្ពាន ត្រូវបានកម្លាំងនគរបាលរបស់លោក ជួយអន្តរាគមន៍យកចេញពីលើស្ពាន ដើម្បីជួយសំរួលចរាចរណ៍ឡើងវិញផងដែរ៕

IMG-55

Loading...

Leave a Reply

Your email address will not be published. Required fields are marked *