រថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុន ហុង ហួតលីបើកស្រុតផ្លូវក្រឡាប់ធ្លាក់ប្រឡាយ

(ខេត្តបាត់ដំបង)៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលគេស្គាល់ថាជាក្រុមហ៊ុនហុង ហួតលី បានបើកផុងផ្លូវក្រឡាប់ធ្លាក់ចូលប្រឡាយបណ្តាលអោយរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៣និង៥០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង។

រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលក្រឡាប់ខាងលើ ជាប្រភេទរថយន្តកង់ដប់ពណ៌ស ពាក់ស្លាកលេខបាត់ដំបង ៥A 0025 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបើកបរដឹកស៊ីម៉ង់ត៍ក្រឡុកពេញធុង ក្នុងទិសដៅពីកើតទៅលិច គោលបំណងដើម្បីយកមកចាក់ធ្វើផ្លូវបេតុងនៅចំណុចកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបើកអែបចូលចិញ្ចើមផ្លូវគេចពុម្ពដែលខាងក្រុមជាងបានរៀបផ្គុំដើម្បីចាក់បេតុងផ្លូវ ភ្លាមនោះក៏បានផុងស្រុតបណ្តាលអោយក្រឡាប់ចូលប្រឡាយរងការខូចខាតតែម្តង តែមិនបណ្តាលអោយនរណាម្នាក់រងរបួសឡើយ។

ក្រោយពីមានការក្រឡាប់ភ្លាម គេសង្កេតឃើញថាមិនមានវត្តមានសមត្ថកិច្ចជំនាញចុះមកចំណុចកើតហេតុខាងលើនេះទេ ដោយសាររថយន្តក្រឡាប់ខ្លួនឯង និងមិនមានអ្នករងរបួស ដោយឃើញតែរថយន្តស្ទូចរបស់ក្រុមហ៊ុន ហុង ហួតលី មកស្ទូចយករថយន្តដើម្បីយកទៅធ្វើការជួសជុលខ្លួនឯងវិញ៕

Loading...