រថយន្តក្រុងប្រភេទ៤៥កៅអីដឹកឈើពាក់កណ្តាលកែច្នៃគ្មានច្បាប់រងការបង្ក្រាប

ខេត្តសៀមរាប៖ នគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កាលពីរសៀលថ្ងៃទី១៧ខែមីនានេះ សហការគ្នាជាមួយកម្លាំងនគរបាលស្រុកជីក្រែង ចាប់ឃាត់រថយន្តក្រុងមួយគ្រឿង ដែលបង្កប់ដឹកឈើពាក់កណ្តាលកែច្នៃគ្មានច្បាប់។

រថយន្តល្មើសពាក់ស្លាកលេខ​ ភ្នំពេញ 3C. 6161 បើកបរដោយឈ្មោះ យិន ស៊ីដែន ភេទប្រុស រស់នៅស្រុកមុខកំពូល​ខេត្តកណ្តាល។ បន្ទាប់ពីត្រួតពិនិត្យរួចកម្លាំងនគរបាលបានប្រគល់ទាំងវត្ថុតាង រថយន្ត និងអ្នកបើកបរឲ្យកម្លាំងរដ្ឋបាលព្រៃឈើស្រុកជីក្រែង ចាត់ការបន្តទៅតាមផ្លូវច្បាប់។

លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានឲ្យដឹងថា ដោយទទួលព័ត៍មានថាមានរថយន្តក្រុងដឹកអ្នកដំណើរ ហើយលួចបង្កប់ដឹកឈើ កម្លាំងរបស់លោកសហការជាមួយនគរបាលស្រុកជីក្រែង ធ្វើការឃាត់រថយន្តក្រុងប្រភេទ៤៥កៅអី យកមកធ្វើការត្រួតពិនិត្យតែម្តង។

ក្រោយពេលឃាត់និងពិនិត្យ រកឃើញរថយន្តនេះបានដឹកឈើសិប្បកម្មពាក់កណ្តាលកែច្នៃ ដោយគ្មានច្បាប់អនុញាតិ។ រថយន្តដឹកឈើនេះមិនមានក្រុមហ៊ុនទេ អាចជាកម្មសិទ្ធិឯកជន។ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៅមិនទាន់រាប់ដឹងចំនួនឈើមានប៉ុន្មានដុំ ហើយប៉ុន្មានម៉ែត្រ គូប នៅឡើយ ៕

Loading...