រថយន្តក្រុង ផ្ដាច់ជីវិតក្មេងស្រី៣នាក់ នៅក្រុងសៀមរាប

សៀមរាបៈ ពិតជាសោកនាដកម្មមែន ដែលក្មេងស្រី៣នាក់ ត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ព្រោះតែរថយន្តក្រុងមួយគ្រឿង បើកបុកម៉ូតូរបស់ពួកគេ កាលពីវេលាម៉ោង៣៖៤០នាទី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

នគរបាលក្រុងសៀមរាប ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តក្រុងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយខៀវ ពាក់ស្លាកលេខ​ ភ្នំពេញ 3A-9816 បុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បណ្ដាលឲ្យក្មេងស្រីទាំង៣ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

បើតាមសមត្ថកិច្ច ក្មេងស្រីរងគ្រោះ ដែលស្លាប់ទាំង៣ រួមមាន ទី១. ឈ្មោះ ធី សុខឡេង ភេទស្រី អាយុ១២ឆ្នាំ, ទី២. ឈ្មោះ ធី សុខម៉េង ភេទស្រី អាយុ១៤ឆ្នាំ និងទី៣. ឈ្មោះ សន ជីងលី ភេទស្រី អាយុ១ខួប៣ខែ។ ក្មេងទាំង៣ មានទីលំនៅស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

ក្រោយពេលកើតហេតុ សពក្មេងស្រីទាំង៣ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចវាស់វែង និងស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុង ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

Loading...