រថយន្តដឹកជ្រូករេចង្កូតហោះបុកបង្កាន់ដៃស្ពានស្លាប់ ម្នាក់របួសធ្ងន់១២នាក់

បន្ទាយមានជ័យ៖មនុស្សម្នាក់បានស្លាប់និងរបួសធ្ងន់ស្រាល១២នាក់ បន្ទាប់ពីរថយន្តដឹកជ្រូកខ្នាតធំមួយគ្រឿង បានរេចង្កូតបុកបង្កាន់ដៃស្ពាន ធ្វើអោយធ្លាក់ផ្លូវ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣៖៤០នាទី ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជុំវិញបញ្ហានេះ លោក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានអោយដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធុនធ្ងន់ ដោយដឹកសត្វជ្រូក បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមដំណើរចំនួន១៣នាក់ ។
ជាមួយគ្នានេះ អ្នកបើកបររថយន្តបានរត់គេចខ្លួន ក្រោយពីកើតហេតុ ។ បច្ចុប្បន្នរថយន្តនេះ នគរបាលជំនាញចរាចរណ៍ស្រុកអូរបីជាន់ បានស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕

Loading...