រថយន្តដឹកឈើពីខេត្តពោធិ៍សាត់មកជាប់អន្ទាក់សមត្ថកិច្ចខេត្ដកំពង់ស្ពឺនិងក្រុងភ្នំពេញ

ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកឈើពេញប្រៀបចេញពី ខេត្តពោធិ៍សាត់ជិត១០ម៉ែត្រគូប គ្មានច្បាប់ទម្លាប់ប្រុងយកទៅលក់អោយឈ្មួញបន្តទៀតមកជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ស្ពឺនិងក្រុងភ្នំពេញយកទៅរក្សាទុកនិងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ស្តីពីព្រៃឈើ។

ការបង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញស្រីប្រចាំខេត្តពោធិ៍សាត់ខាង លើនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមការអោយដឹងពីសមត្ថកិច្ចថារថយន្ដដឹកឈើដែលបង្រ្កាបបាននោះម៉ាកហ៊ីយ៉ាន់ដាយព៌ណសលាយលឿង គ្មានពាក់ស្លាកលេខពិតប្រាកដនោះឡើយ(ដូរស្លាកលេខ)រថយន្ដនេះគេស្គាល់ច្បាស់ថាជារបស់ ចែ អូន អាយុជាង៣០ឆ្នាំ មានឈ្មោះល្បីរឿងដឹកឈើនៅប្រមោយ វាលវែង ខេត្តពោធិ៍សាត់ យកទៅលក់នៅតាកែវនិងកំពត។ការរកសុីដឹកឈើរបស់ចែអូននេះសមត្ថកិច្ចតាមផ្លូវយុទ្ឋសាស្ត្រទាំងអស់ស្គាល់ចែ អូន គ្រប់ៗគ្នា យ៉ាងច្បាស់តាមរយៈការងាររកសុីដឹកជញ្ជូនឈើអត់ច្បាប់នេះ។

ប្រភពបានបន្តថារថយន្តរបស់ចែ អូន ដឹកជញ្ជូនបទល្មើសព្រៃឈើរាល់ថ្ងៃនេះ ប្រមូលឈើ លើកដាក់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ម្តុំ ចិនយំ ប្រមោយ វាលវែង ក្នុងទឹកដីខេត្តពោធិ៍សាត់ ពេលលើកពេញរថយន្តហើយ មិនថាយប់មិនថាថ្ងៃនោះទេ គឺចែ អូន គ្រាន់តែ(ផ្ញើសារជាសម្លេង ឬ ផ្ញើសារជាអក្សរប្រាប់សមត្ថកិច្ចតាមដងផ្លូវអោយដឹងជាមុន)ថាចែ ត្រូវចេញឥវ៉ាន់ហើយ ជាសញ្ញាថា សុំបង់លុយ ។ក្នុង១ថ្ងៃចែ អូន ដឹកមិនក្រោម០៣រថយន្តឡើយ រថយន្តនិមួយៗចែ អូន ដឹកឈើមិនក្រោម១០ទៅ១៥គីបឡើយ ។រថយន្តរបស់ចែ អូន ចេញដំណើរពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង មកដល់សាលាលេខ៥ ចែ អូន បញ្ជាអោយកូនចៅដោះស្លាកលេខចេញ ឬក៏ប្តូស្លាកលេខដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចមួយចំនួន។ចំពោះ សមត្ថកិច្ចតាមដងផ្លូវវិញចែ អូន ជាថៅកែរកស៊ីបទល្មើសព្រៃឈើនេះ បានបង់លុយគ្រប់កន្លែង គ្រប់ស្ថាប័នអស់ហើយ សមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង សមត្ថកិច្ចខេត្តកំពង់ស្ពឺ(ជាពិសេស ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ តែម្តងគឺបង់១ជើងរាប់រយដុល្លារទើបបើកឆ្លងកាត់តទៅមុខបាន)ដោយសារតែមានមន្ត្រីជាច្រើនចាំយកលុយនៅកន្លែងស្នាក់ការមេព្រៃមួយនេះ ។ លោក ឌុច វណ្ឌី ជានាយសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ  មិនអាចសុំការពន្យល់បានទេ។ស្នាក់ការរដ្ឋបាលព្រៃឈើឧដុង្គឃើញមានកូនចៅមន្ត្រីក្រោមឱវាទប្រចាំការរាល់ថ្ងៃចំណែកមេៗ ចាំមើលសារទូរស័ព្ទ នៅផ្ទះ។

ប្រភពបានបញ្ជាក់ថា រថយន្តដឹកឈើខុសច្បាប់ខាងលើនេះ សមត្ថកិច្ចដេញតាមឃាត់តាំងពីខេត្តកំពង់ឆ្នាំង រហូតឆ្លងកាត់ខេត្តកំពង់ស្ពឺ គ្មានសមត្ថកិច្ចណាអើពើបង្ក្រាបឡើយ ទាល់តែតៃកុងរថយន្តបើកមកដល់ចំណុចទល់មុខសាលាខណ្ឌ ព្រែកព្នៅ ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញទើបជំនាញរដ្ឋបាលព្រៃឈើខាងភ្នំពេញឃាត់បាន។ក្រោយពីឃាត់មន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីនៃច្បាប់ស្តីរដ្ឋបាលព្រៃឈើ។

មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា ជានិច្ចកាលគឺនៅពេលដែលឈ្មួញធ្វើសកម្មភាព គឺភាគច្រើនថ្ងៃសៅរ៍និងអាទិត្យ ចំណែកមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធវិញ អ្នកដែលដឹងរឿងក៏មិនសូវនៅកន្លែងដែរ ព្រោះគេបានឃើញសារទូរស័ព្ទពីឈ្មួញរួចហើយ។

តើអោយសមត្ថកិច្ចជំនាញខេត្តទាំង០៣ មានពោធិ៍សាត់ កំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ បង្ក្រាបម៉េចបាន បើ ចែ អូន ផ្ញើសារប្រាប់ជាមុនគ្រប់គ្នាអស់ហើយនោះ បើទោះបីជាថ្នាក់លើប្រាប់យ៉ាងណាក៏ដោយក៏អស់លោក យកលេសថា គ្មានកម្លាំងនៅកន្លែងទេ! តើពាក្យដោះសារនេះប្រើបានរហូតដល់ពេលណា?

មានការលើកឡើងថាថ្នាក់លើមេត្តាជួយពិនិត្យមើលភាពអសកម្មរបស់មន្ត្រី ដែលបើកដៃអោយមានវទល្មើសព្រៃឈើកើតមានហើយដេកចាំយកលុយ បែបនេះ នើរាប់់ទាំងរថយន្្តសាំយ៉ុងដឹកឈើដែរនោះមិនក្រោម២០គ្រឿងឡើងក្នុង១ថ្ងៃ។

ក្រោយការបង្ក្រាបរថយន្តដឹកជញ្ជូនបទល្មើសខាងលើត្រូវបាន រក្សាទុករង់ចាំធ្វើ ការវាស់វែងនៅពេលក្រោយ។

សូមបញហជាល់ផងដែរថារថយន្តដឹកឈើខាងលើដែលសមត្ថកិច្ចបង្ក្រាបបាននេះ មានដាក់ស្លាកសញ្ញា(logo RS) គឺក្រុមហ៊ុនរាជសីហ៍ដឹកជញ្ជូនទៀតផង ។គេមិនដឹងថាតើការដែល រថយន្តដឹកឈើខុសច្បាប់បែរជាមានស្លាកសញ្ញារបស់ក្រុមហ៊ុនដឹកជញ្ជូនបែបនេះវាខុសច្បាប់ដែរឬយ៉ាងណានោះទេ ឬមួយក៏ក្រុមហ៊ុននេះ បើកឡើងដើម្បីដឹករបស់ឬទំនិញខុសច្បាប់?៕

Loading...