រថយន្តដឹកឈើ១គ្រឿងត្រូវគេសង្ស័យថាបានបើកបុកអ្នកជិះម៉ូតូបណ្តាលឲ្យឪពុកនិងកូនបីនាក់ស្លាប់គួរឲ្យសង្វែកបំផុតនៅលើដងផ្លូវជាតិលេខ៧ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សកម្មភាពរថយន្តដឹកជញ្ជូនឈើ ត្រូវគេរាយការណ៍ថា នៅតែបន្តកើតមាននៅខេត្តស្ទឹងត្រែង ហើយសកម្មភាពល្មើសច្បាប់នោះ បានបង្កការគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ធ្វើឲ្យឪពុកម្នាក់ និងកូនប្រុសពីរនាក់ បានរងការបុកសម្លាប់ពីរថយន្តដឹកឈើ១គ្រឿង នាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃ៣កក្កដា២០១៧នេះ នៅលើដងផ្លូវជាតិលេខ៧អា ត្រង់ចំណុចគីឡូ ម៉ែត្រលេខ៥០ ស្ថិតក្នុងសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីជំនាញគ្រប់ស្ថាប័ន ត្រូវគេបន្ទោសថា នៅតែបើកដៃឲ្យមានការដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ឥតឈប់ឈរយ៉ាងដូច្នេះ ទើបបណ្តាលឲ្យបុរស៣នាក់ឪពុក និងកូនបានស្លាប់ភ្លាមៗ ក្រោយពេលរថយន្តដឹកឈើបានបើកបុក គ្រាជនរងគ្រោះកំពុងបើកម៉ូតូឌុបកូន នាវេលាទៀបភ្លឺនោះ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានប្រាប់ឲ្យដឹងថា ជនរងគ្រោះនៅក្នុងហេតុការគ្រោះថ្នាក់ រថយន្តដឹកឈើបើកបុកនោះ មានចំនួន៣នាក់ ១.ឈ្មោះអ៊ុំ ហុងជា អាយុ៥០ឆ្នាំ ២.ឈ្មោះ វង់ ខុន ៤៧ឆ្នាំ និង៣.ឈ្មោះ ម៉េង ខៃ អាយុ១៣ឆ្នាំ ជនរងគ្រោះទាំង៣នាក់ត្រូវជាឪពុក និងកូនបង្កើត រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

លោកថា ជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ឌុបគ្នា៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង ច្រាស់ទិសគ្នាជាមួយរថយន្តសាំយ៉ុង ដឹកជញ្ជូនឈើសសរ ក្តា និងឈើគ្រឿងផ្ទះ១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2S-4322 ពីជើងមកត្បូង រថយន្តនោះបានបើកបុកម៉ូតូជនរងគ្រោះពេញទំហ៊ឹង អូសនៅលើដងផ្លូវជាច្រើនម៉ែត្រ និងខ្ទាតចូលទៅក្នុងព្រៃ ឯរថយន្តបង្កនោះ ក៏បានធ្លាក់ទៅម្ខាងផ្លូវក្នុងគម្ពោតព្រៃក្បែរនោះផងដែរ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តដឹកឈើនោះ បានរត់គេចខ្លួនបាត់។

រថយន្ត និងម៉ូតូ នៅព្រឹកថ្ងៃ៣កក្កដានេះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយជាក្រោយ ឯជនសង្ស័យបុកគេស្លាប់ហើយមិនទទួលខុសត្រូវ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នោះហើយ៕

Loading...