រថយន្តដឹកឈើ៤គ្រឿងទៀតហើយដែលសមត្ថកិច្ចខេត្តស្ទឹងត្រែងបានបង្ក្រាប

ខេត្តស្ទឹងត្រែង៖ សកម្មភាពដឹកជញ្ជូនឈើនៅខេត្តស្ទឹងត្រែង នៅតែបន្តកើតមានឥតស្រាកស្រាន្ត បើទោះបីជាសមត្ថកិច្ចខេត្តភាគឥសាន្តមួយនេះ បានរួមគ្នាធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ។

នៅរសៀលថ្ងៃ១៤ធ្នូនេះ សមត្ថកិច្ចចម្រុះខេត្ត បានរួមគ្នាធ្វើការប្រដេញស្ទាក់ចាប់បានរថយន្តសាំយ៉ុង ដឹកជញ្ជូន៤គ្រឿង គ្រារថយន្តទាំងនោះ បាននិងកំពុងផ្ទុកទៅដោយក្តារ បើកចេញពីស្រុកថាឡាបរិវ៉ាត់ ឆ្លងកាត់ដីក្រុងស្ទឹងត្រែង ហើយសមត្ថកិច្ចបានស្ទាក់ចាប់បាន នៅរង្វង់មូលផ្លូវបំបែកជា៣ នៃចំណុចប្រសពអូរពងមាន់ ស្ថិតនៅក្នុងដីក្រុងស្ទឹងត្រែង ។

ស្នងការនគរបាលស្តីទីខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ឌៀប ចន្ធី បានប្រាប់ឲ្យដឹងថា រថយន្តដឹកឈើដែលរងការបង្ក្រាបនេះ ជាប្រភេទរថយន្តសាំយ៉ុង ចំនួន៤គ្រឿង រថយន្តទាំងនេះ បានផ្ទុកទៅដោយឈើក្តារប្រភេទលេខ២ បានដឹកជញ្ជូនឈើចេញពីក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ យ៉ាងអនាធិបតេយ្យបំផុត ក្នុងបំណងនាំឆ្ពោះទៅកាន់ខេត្តក្រចេះ ។

លោកស្នងការស្តីទីបានបន្តទៀតថា បន្ទាប់ពីមើលឃើញថា សកម្មភាពដឹកជញ្ជូនឈើនោះ នៅតែបន្តកើតមាន លោកបញ្ជាទៅមន្ត្រីក្រោមឧិវាទ ឲ្យសហការជាមួយកម្លាំងអាវុធហត្ថ និងមន្ត្រីព្រៃឈើ ធ្វើការប្រដេញស្ទាក់ចាប់រថយន្តនោះ តាំងពីស្រុកថាឡាបរិវ៉ាត់ ហើយបានចាប់បាននៅក្នុងដីក្រុងស្ទឹងត្រែង ។

ក្រោយការបង្ក្រាប រថយន្តដឹកឈើទាំង៤គ្រឿងនោះ ត្រូវបានមន្ត្រីនគរបាលជំនាញខេត្ត បានកសាងសំណុំរឿង ហើយបាននាំយកមកប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្ត ចាត់ការជាបន្ត ចំណែក ម្ចាស់រថយន្តដឹកឈើទាំងនេះ បានគេចខ្លួនអស់ទៅហើយ ។

សូមជម្រាបថា នៅថ្ងៃ១៣ធ្នូម្សិលមិញ សមត្ថកិច្ចចម្រុះខេត្ត ក៏បានធ្វើការប្រដេញស្ទាក់ចាប់បានរថយន្តសាំយ៉ុង៦គ្រឿងផងដែរ នៅគ្រាដែលរថយន្តទាំងនោះ បានផ្ទុកដោយឈើមូល ធំៗ ហើយវែងៗ ដោយដឹកចេញពីស្រុកថាឡាបរិវ៉ាត់ តែត្រូវចាប់បាននៅដីក្រុងស្ទឹងត្រែង ។ រយះពេលពីរថ្ងៃបន្តបន្ទាប់គ្នានេះ សមត្ថកិច្ចបានបង្ក្រាបរថយន្តដឹកឈើ បាន១០គ្រឿង ប្រគល់ទៅឲ្យមន្ត្រីព្រៃឈើ ចាត់ការជាបន្តទៅតាមច្បាប់ ៕

Loading...