រថយន្តបង្កង់លួចដឹកឈើចូលក្រុមហ៊ុនរដ្ឋសាខនត្រូវកងរាជអាវុធហត្ថចាប់ប្រគល់ឲ្យជំនាញ

ខេត្តរនតគិរីៈ រថយន្តបង្កង់មួយគ្រឿងដឹកបទល្មើសព្រៃឈើ និងគោយន្តកែច្នៃមួយគ្រឿងត្រូវកងរាជអាវុធហត្ថខេត្តនិងកងរាជអាវុធហត្ថស្រុកបរកែវ ចាប់បង្រ្កាបខណះរថយន្តនោះលួចដឹកបទល្មើសព្រៃឈើចូលទៅក្នុងក្រុមហ៊ុនមួយ។

ការចុះបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ដឹកនាំកម្លាំងដោយវរៈសេនីយ៍ត្រី ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខអាវុធហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ។

របាយការណ៍អោយដឹងថាៈ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន០៣នាក់ និងកងរាជអាវុធហត្ថស្រុកបរកែវចំនួន០៤នាក់ បានចុះបង្រ្កាបរថយន្តបង្កង់មួយគ្រឿងដឹកឈើ ប្រភេទសុក្រម និងប្រភេទផ្ចឹក ចំនួន០៦កំណាត់ស្មើនឹង ៧.១៤៤ម៉ែត្រត្រីគុណ ។

របាយការណ៍អោយដឹងទៀតថាៈ ការបង្រ្កាបគឺធ្វើឡើងនៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ក្នុងទឹកដីក្រុមហ៊ុនហ៊្សូមវ៉ាង ខេមបូឌា អ៊ិនវេសម៉ិន ដែលជាដៃគូអភិវឌ្ឍន៍ជាមួយក្រុមហ៊ុនរ័ត្នសាខន ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានថ្លែងក្នុងបទសំភាសន៍ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះថាៈ ទម្រាំឈានដល់ការបង្រ្កាប រថយន្តដឹកបទល្មើសឈើមួយគ្រឿងនេះ គឺបានជួបឧបសគ្គជាមួយប្រជាពលរដ្ឋ ដែលអាចនិយាយបានថា ជាអ្នកកាងបទល្មើសអោយឈ្មួញ ធ្វើសកម្មភាពរារាំងជាមួយកម្លាំងសមត្ថកិច្ច ដូចជាធ្វើការឡោមព័ទ្ធ ផឹកស្រាស្រវឹងអុកឡុកសមត្ថកិច្ច ក្នុងគោលបំណងរំដោះវត្ថុតាង។

លោកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចមានតែចំនួន០៧នាក់ ពុំអាចរំដោះវត្ថុតាងបានឡើយទើបបញ្ជាអោយបន្ថែមកម្លាំងដោយប្រើប្រាស់រយៈពេលពីរថ្ងៃទើបអាចរំដោះវត្ថុតាងនោះបាន ។

លោកបានបញ្ជាក់ទៀតថា ភូមិចំនួនពីរដែលមានព្រំប្រទល់ជាប់ស្រុកលំផាត់ និងស្រុកអូរយ៉ាដាវ ពលរដ្ឋនៅតំបន់នោះតែងធ្វើសកម្មភាពប្រាស់ចាកពីនីតិវិធីច្បាប់ ដូចជា មានប្រដាប់ដោយដំបង កាំបិត ពូថៅ និយាយរួមសំភារៈប្រើប្រាស់បទល្មើសយកទៅគំរាមកំហែង ឬឡោមព័ទ្ធ និងវាយទៅលើរថយន្តសមត្ថកិច្ចឬរថយន្តអ្នកកាសែតជាដើម ។

ជាក់ស្តែងកន្លងមកមន្រ្តីបរិស្ថានធ្លាប់ត្រូវពួកនេះធ្វើសកម្មភាពចាប់វាយ ចាប់ចងវាយបណ្តើរជាមួយយោធា និងធ្លាប់ឡោមព័ទ្ធរថយន្តអ្នកកាសែត និងវាយរថយន្តអ្នកកាសែតជាដើម។

រួចហើយពួកគេតែងតែចាប់មនុស្សដែលគ្រាន់តែជាមនុស្សសង្ស័យថាជាសមត្ថកិច្ចឬថាជាអ្នកកាសែតប្រគល់ទៅរដ្ឋបាលគ្រប់គ្រងជាដើម ដែលសកម្មភាពខាងលើវាហាក់បីដូចជាធ្វើឡើងស្របទៅតាមនីតិវិធីច្បាប់អញ្ចឹង ?។ ឧត្តមសេនីយ៍ត្រី គឹម រស្មី បានរៀបរាប់ថាៈ មុននឹងឈានទៅបង្រ្កាបរថយន្តដឹកបទល្មើឈើ និងរថយន្តកែច្នៃខាងលើនេះ គឺសមត្ថកិច្ចបានប្រើប្រាស់គ្រប់រូបភាព និងគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណារឹបអូសយកវត្ថុតាងអោយខាងតែបាន បើទោះបីត្រូវជួបឧបសគ្គធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។

ប្រភពពីប្រជាពលរដ្ឋដែលទើបនឹងរាយការណ៍កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ថាៈ មានសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់នោះយ៉ាងរង្គាល ហើយពលរដ្ឋមួយចំនួនធំនៅទីនោះតែងធ្វើការតវ៉ា និងមួយចំនួនតូចត្រូវឈ្មួញទិញទឹកចិត្ត ដែលតែងតែធ្វើសកម្មភាពប្រឆាំងរារាំងជាមួយសមត្ថកិច្ច នៅពេលដែលមានការចុះបង្រ្កាបម្តងៗ។

ឧត្តមសេនីយ៍ត្រី គឹម រស្មី បានមានប្រសាសន៍ម៉ឺងម៉ាត់ថាៈ នឹងធ្វើការបង្រ្កាបនូវរាល់បទល្មើសព្រៃឈើទាំងឡាយ ស្របតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាប្រធានគណៈកម្មការបង្រ្កាបធនធានធម្មជាតិ ខណះមានសកម្មភាពបំផ្លាញព្រៃឈើគ្រប់រូបភាពណាមួយ។ ចំណែកវត្ថុតាងរថយន្តនិងឈើ បានប្រគល់ទៅឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃដដែលនេះហើយ៕ វុទ្ធឦសាន

Loading...