រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មី ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ ក្រោយមានការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស នៅតាមបណ្ដាខេត្តនានានៃប្រទេសកម្ពុជា ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថតាមបណ្ដាខេត្តសាមី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដែលយុទ្ធនាការនោះ កម្លាំងនៅក្នុងប្រតិបត្តិការបង្ក្រាបបានធ្វើការដុតកំទេចរថយន្តបង្កដឹកបទល្មើសប្រភេទរថយន្តបង្កុង រាប់សិបគ្រឿង ។

ក្នុងនោះប្រជាពលរដ្ឋមានការត្រេកអរនិងអបអរយ៉ាងខ្លាំង ចំពោះចំណាត់ការដ៏ក្ដៅគគុកនោះ ។ ប៉ុន្តែអ្វីដែលខុសចិត្តនោះ ក៏ស្រាប់តែលេចចេញនូវទស្សនៈរិះគន់ ក្នុងន័យស្ថាបនា មកសារជាថ្មីម្ដងទៀត ដែលផ្ដើមចេញពីរថយន្តបង្កុងរបស់ ក្រុមឈ្មួញ កំពុងបង្ហាញវត្តមាន ដឹកផលអនុផលព្រៃឈើយ៉ាងគគ្រឹកគគ្រេង នៅក្នុងព្រៃតំបន់ព្រៃបាក់កន ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារអង្គភាពសារព័ត៌មាន ជាច្រើនអង្គភាព បានប្រទះឃើញរថយន្តបង្កុង ដែលសេចក្ដីរាយការណ៍ អះអាងថាមានប្រមាណជិត១០ គ្រឿង។

បើតាមសកម្មភាពជាក់ស្ដែង ក្រុមការងារយើងបានប្រទះឃើញ ត្រាក់ទ័រចំនួន២ គ្រឿងកំពុងតែអូនឈើ និងរថយន្តបង្កុងចំនួន ២ គ្រឿងទៀត កំពុងតែខាឈើឡើងលើរថយន្ត និងដឹកឈើចូលឃ្លាំង រួមគំនរឈើដូចរូបភាពជាក់ស្ដែងខាងក្រោម។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេងឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើទ្រហឹងពេញព្រៃ ដែលពួកគេទាំងនោះបានប្រើប្រាស់រថយន្តបង្កុងដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក៏ជាប់នឹងព្រំប្រទល់ខេត្តកំពង់ធំផងដែរ ។

គេអះអាងថា.ក្រុមឈ្មួញឈើទាំងអស់នោះ មានងារជាឧកញ៉ា នឹងមានកូនចៅក្រោមឱវាទ សុទ្ធសឹងជាឈ្មួញអ្នកមានអំណាច ។ប្រជាពលរដ្ឋនិយាយថាពួកគាត់កាប់ឈើបន្តិចបន្តួចសម្រាប់សង់ជាផ្ទះសម្បែង តែត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាប និងគំរាមកំហែងជាប់គុកច្រវ៉ាក់ ប៉ុន្តែសម្រាប់ឈ្មួញអ្នកមានអំណាចវិញពួកគេធ្វើព្យុះភ្លៀង កាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែគ្រឿងចក្រ នៅក្នុងខណៈដែលប្រទេសជាតិកំពុងតែជួបបញ្ហាគ្រោះ ធម្មជាតិជំនន់ទឹកភ្លៀងនិង កូវីត19 ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មាន នគរមាស ស្នើសុំឲ្យមានការបកស្រាយជាបន្ទាន់ ចំពោះអ្នកពាក់ព័ន្ធ ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំណាមួយនោះ ពីសំណាក់មហាជន៕

Loading...