រថយន្តបើកធ្លាក់ជ្រោះនៅឥណ្ឌាស្លាប់ រងរបួសច្រើននាក់

ប៉ូលិសបាននិយាយថា អ្នកធម្មយាត្រាហិណ្ឌូយ៉ាងហោចណាស់១៦នាក់បានស្លាប់ និង២៧នាក់ទៀត រងរបួសកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងដឹកពួកគេបានធ្លាក់ចូលជ្រោះនៅតំបន់កាស្មៀរ ដែលត្រួតត្រាដោយឥណ្ឌា។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅស្រុក Ramban ប្រហែល១០៧គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Srinagar រដ្ឋធានីរដូវក្តៅនៃកាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

អ្នកនាំពាក្យប៉ូលិសម្នាក់បាននិយាយថា “នៅរសៀលនេះ រថយន្តក្រុងបើកដើរកម្សាន្តបានគ្រោះថ្នាក់ធ្លាក់ចូលជ្រោះទៅក្នុងតំបន់ Nashrana Nallah ផ្លូវ Srinagar Jammu ។ “យ៉ាងហោចណាស់មានពួកអ្នកធ្វើធម្មយាត្រា ១៦នាក់បានស្លាប់នៅនឹងកន្លែង ខណៈ១៩ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និង ៨នាក់ទៀតរងរបួសស្រាល។

ប៉ូលីស និងអ្នកស្រុកបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុដើម្បីបំពេញការងារជួយសង្គ្រោះ និងប្រមូលសាកសព។ “អ្នកដែលរងរបួសធ្ងន់ត្រូវបានគេដឹកជញ្ជូនតាមយន្តហោះ ទៅកាន់មន្ទីរពេទ្យតំបន់ Jammu ខណៈដែលអ្នកផ្សេងទៀតដែលរងរបួសស្រាលត្រូវបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត” ។

ការធ្វើធម្មយាត្រាប្រចាំឆ្នាំទៅកាន់ទីសក្ការបូជានៃអ្នកកាន់សាសនាហិណ្ឌូបានចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា។ អ្នកធម្មយាត្រាជាង១០០.០០០ នាក់បានគោរពបូជានៅភ្នំហិម៉ាឡៃ ។

គ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរងរបួសកើតឡើងជារឿងធម្មតានៅប្រទេសឥណ្ឌា ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ ស្ថានភាពផ្លូវមិនល្អ និងការបើកបរមិនប្រុងប្រយ័ត្នជាដើម ៕ សុរ្ម័ន

Loading...