រថយន្តបើកលឿនបុកម៉ូតូកិនស្លាប់ស្ត្រីជាប្រពន្ធ ប្តីរងរបួសស្រាល

ខេត្តកំពង់ស្ពឺ៖ស្ត្រីម្នាក់បានបែកក្បាលស្លាប់នៅក្នុងថ្លុកឈាម ប្តីរងរបួសស្រាល ខណៈដែលជិះម៉ូតូឌុបគ្នា ឆ្លងផ្លូវ ត្រូវបានរថយន្តបើកលឿនបុកកិន បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៣រសៀល ថ្ងៃទី២៤ ខែ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨ទៅលេខ៦៩ ស្ថិតនៅក្នុង ភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានអោយដឹងថា រថយន្ត(ដឹកអំពៅ)បង្កហេតុ ពណ៌ខៀវឆ្នូតលឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3D.6146 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BJ.7721 ម្ចាស់មានឈ្មោះ ហេង សុខធា ភេទស្រី អាយុ៣៧.ឆ្នាំ(ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ប្តីមានឈ្មោះ អូន ចាន់រ៉េត អាយុជាង៤០ឆ្នាំ។

តាមប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង២ នាក់ខាងលើ បានជិះម៉ូតូឌុបគ្នា ដោយធ្វើដំណើរចេញពីផ្លូវលំ ហើយបើកបរឆ្លងកាត់ផ្លូវលេខ៤៤ គោលបំណងឆ្លង ស្រាប់តែមានរថយន្តធុនធំ១គ្រឿង បើតាមបណ្តោយផ្លូវជាតិលេខ៤៤ បុកកិនម៉ូតូដួល ទៅនឹងផ្លូវថ្នល់កង់ក្រោយនៃរថយន្តកិន បណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុតែម្តងទៅ។ ភ្លាមៗនោះ ដោយផ្ទះជនរងគ្រោះនៅក្បែរនោះ មានការភ្ញាក់ផ្អើល ចោមរោមមើល មានសាច់ញាតិផងនោះ ក៏ឃាត់តៃកុងរថយន្តបាន ប្រគល់ទៅសមត្ថកិច្ច ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់។ ក្រោយកើតហេតុនគរបាលជំនាញចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ រថយន្តបង្កនិងម៉ូតូរងគ្រោះយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៤៤ ធ្វើការសំណូមពរដល់ អស់លោកតៃកុងរថយន្ត ទាំងអស់បើកបរកុំលឿនពេក បើកបរគោរពច្បាប់ចរាចរណ៍ផង ជៀសវាងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដូចជាករណីនេះជាដើម៕

Loading...