រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល៥នាក់នៅស្រុកភ្នំស្រួច

(កំពង់ស្ពឺ )៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលដោយសាររថយន្តពីរគ្រឿងបុកគ្នា។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩២.៩៣ ត្រង់ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីទៀបភ្លឺថ្ងៃទី១២ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02. 2-6829 អ្នកបើកបរឈ្មោះ ហេង រ៉ានី ភេទប្រុស អាយុ២៥ ឆ្នាំនិងអ្នករួមដំណើរជាមួយ០៤ នាក់ រួមមាន÷១.ឈ្មោះ មិន ឆោម ភេទប្រុស អាយុ៣៦ ឆ្នាំ.២ ឈ្មោះ ចែម សារឿន ភេទស្រី អាយុ៣៨ ឆ្នាំ.៣ ឈ្មោះ ឆោម ករុណាប ភេទប្រុស អាយុ១០ ឆ្នាំ .៤-ឈ្មោះ ឆោម សុវណ្ណ ភេទប្រុស អាយុ៣៥ ឆ្នាំ អ្នកទាំង៥ រស់នៅភូមិអុង ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បើកបរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានដាច់កង់រួចរេចង្កូតចូលចំណែកផ្លូវម្ខាងជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿង ម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC- 5007 អ្នកបើកបរជាជនជាតិចិន មិនទាន់ស្គាល់ឈ្មោះ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យឈ្មោះ មិន ឆោម ស្លាប់ភ្លាមៗនិង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

ប្រភពដដែលបានបន្តថាក្រោយពីកើតហេតុអ្នករងរបួសទាំងអស់បានដឹកទៅព្យាបាលនៅមន្ទីពេទ្យ។សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

Loading...