រថយន្តពេទ្យមណ្ឌលសុខភាពបកែវ បុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី: រថយន្តពេទ្យមណ្ឌលសុខភាពបកែកបុកជាមួយម៉ូតូក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:០០នាទីយប់ ថ្ងៃសៅរ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៨តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិលន់ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។

បើតាមការឲ្យដឹងពីលោក ប៉ាន់ សារ៉ន ប្រធានមណ្ឌលសុខភាពបកែវបានឲ្យដឹងនៅយប់ថ្ងៃទី៣ ខែមិនានេះ ថា រថយន្តពេទ្យរបស់លោកបើកបរក្នុងទិសដៅពីលិចទៅកើតដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត១គ្រឿងទៀតបើកបរបញ្ច្រាសទិសគ្នា បានដាក់ភ្លើងហ្វាចាំងភ្នែកបណ្ដាលឲ្យអ្នកបើកបររថយន្តជ្រុលទៅបុកម៉ូតូដែលបើកបរស្របទិសគ្នាយ៉ាងពេញទំហឹងតែម្តង។

លោក ប៉ាន់ សារ៉ន បានបន្តថា ខណ:ម៉ូតូ១គ្រឿងជិះនៅពីមុខរថយន្តហើយពុំមានភ្លើងសញ្ញានៅពីក្រោយ មានតែភ្លើងគោមនៅជាប់ក្បាលនិងជនរងគ្រោះទើបបណ្តាលឲ្យរថយន្តមើលម៉ូតូមិនឃើញ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងយករថយន្តនឹងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពមិនទាន់ស្គាល់អត្តញ្ញាណនៅឡើយ ហើយសមត្ថកិច្ចរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជាយដែន

 

Loading...