រថយន្តមន្ត្រីPMបើកលឿនជ្រុលចង្កូតបុករថយន្តប៉ូលិសនឹងបន្តបុកម៉ូតូមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង

ខេត្តរតនគិរី÷ រថយន្តហាយប៊្រីតរបស់មន្ត្រីPMម្នាក់បើកលឿនជ្រុលចង្កូតទៅបុករថយន្តកូរ៉ូឡាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ហើយជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នាពីកើតទៅលិចបណ្តាលឲ្យអ្នកជិះម៉ូតូ៣នាក់របួសធ្ងន់នឹងស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៤៥ នាទីរសៀលថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលោក ណាង តាមបណ្តោយផ្លូវជាតិលេខ ៧៨ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា អ្នកបើករថយន្តបង្កមួយគ្រឿងម៉ាក់ ហាយ ប៊្រីត ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២v 9836 មានឈ្មោះ ង៉ែត សុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ មានទីលំនៅបច្ចុប្បន្នភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បើកបរក្នុងទិសដៅពីលិចទៅកើត។

នគរបាលបន្តថា ជនរងគ្រោះបើកបររថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២f -9386 ឈ្មោះសល់ ហ្វាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិច្រាយ មុខរបរមន្ត្រីនគរបាល មានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ រថយន្តរងការខូចខាតមួយចំង្ហៀងខាងឆ្វេងយ៉ាងដំណំ។

រីឯជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AD -8640 បើកបរឈ្មោះ សូត ពិសិដ្ឋភេទ ប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសស្រាល។
អ្នករួមដំណើរឈ្មោះ ណម ម៉េង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នជាមួយអ្នកបើកបរម៉ូតូខាងលើរងរបួសធ្ងន់។
ឈ្មោះ សុន ពិសាល ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

លោកថា ខណ:រថយន្តបង្កហាយប៊្រីតបើករេចង្កូតចូលមកលើអាទិភាពរបស់រថយន្តកូឡានិងម៉ូតូ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើវាស់វែងហើយដឹកបញ្ជូនជនរងគ្រោះដែលជិះម៉ូតូទាំងនោះទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ។

ដោយឡែកវត្ថុតាងទាំង ៣គ្រឿងត្រូវកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ រឹបអូសយកមក រក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ ជាយដែន

Loading...