រថយន្តយីឌុបចុះពីលើស្ពានគីហ្សូណា ទៅបុកហាងលក់បបរសខូចខាតអស់២កន្លែង

ខេត្តកំពង់ចាម៖ ហាងលក់បបរស យីហោ រស្មីអង្គរ ហៅបបរស តាអោន ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ត្រូវរងការខូចខាតផ្នែកខាងមុខ រួមនឹងសម្ភារម្ហូបអាហារ ចាន ឆ្នាំង ខ្ទេចខ្ទីស្ទើរទាំងស្រុង បង្កដោយរថយន្តយីឌុប ហ៊ីយ៉ាន់ដាយ ៥ផ្លូវ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A 3339 បានបុកកាលពីម៉ោង១៣និង២៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានហេតុការណ៍នេះកើតឡើង គេឃើញរថយន្តខាងលើបើកឆ្លងកាត់ស្ពានគីហ្សូណា ក្នុងទិសដៅពីកើតមកលិច ។ ពេលរថយន្តចុះផុតស្ពានគីហ្សូណាមកដល់ចំណុចរង្វង់មូលស្ពានគីហ្សូណា ក័បត់ទៅខាងឆ្វេង(ស្តាំដៃ) ហើយឡើងលើ​ចិញ្ចើមថ្នល់ ជ្រុលទៅបុកបង្គោលភ្លើងអគ្គិសនីបាក់មួយកំណាត់ ហើយហួសទៅបុកធុងលក់នំបុ័ង និងបបរស របស់ម្ចាស់ផ្ទះឈ្មោះ តាអោន អាយុ៨៤ឆ្នាំ និងឈ្មោះ ខូវ ទីថៃ ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកលក់បបរស និងទឹកក្រឡុកនៅជិតគ្នា ។

លោក ស៊ាម យូសេង ប៉ូលិសសណ្តាប់ធ្នាបក្រុងកំពង់ចាម​បានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើមានឈ្មោះ ខេង ពន្លក ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិអណ្តូងក្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលក្រុង​កំពង់ចាមដើម្បីសាកសួរ និងបំពេញសំណុំឯកសារតាមនីតិវិធី ។

អ្នកបើកបររថយន្ត ខេង ពន្លក បានឲ្យដឹងថា ខ្លួនបានបើករថយន្តឡើងលើស្ពានគីហ្សូណាពីកើតមកលិច ។ ពេលឆ្លងផុតស្ពាន ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី ខ្លួនក៏បង្ខំចិត្តកាច់(ចង្កូត)មកស្តាំ(ខាងជើង) ដើម្បីបញ្ចៀសការបុកមនុស្សច្រើន ពិសេសអ្នករត់ម៉ូតូឌុប ។

លោក យូសេង បានបញ្ជាក់ថា សមត្ថកិច្ចបានយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរាលក្រុងកំពង់ចាម ដើម្បីពិនិត្យបច្ចេកទេសរកមូលហេតុនៃគ្រោះថ្នាក់ខាងលើ ។

ចំពោះតម្លៃនៃការខូចខាត គេពុំទាន់ដឹងនៅឡើយ ត្រឹមតែដឹងថា បាក់បង្គោលភ្លើងអគ្គិសនី១ដើម បែកចាន ឆ្នាំង កំពុបបរត្រី សាច់មួយចំនួន តែទោះយ៉ាងណា មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ ៕

ses (2)

ses (1)

ses (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *