រថយន្តយីឌុបផ្ទុកលើសចំណុះ រយែ៉ថយក្រោយប៉ះនឹងដៃស្ពានរងការខូចខាតទ្រព្យសម្បត្តិរដ្ឋ

(រតនគិរី)៖ ស្ពានដែកក្នុងសង្កាត់កាចាញ ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តយីឌុបដឹកឥដ្ឋ មួយគ្រឿង ដឹកលើសទម្ងន់ឆ្លងកាត់ស្ពាន។

រថយន្ដម៉ាកHYUNDAI (យីឌុប)មួយគ្រឿងដឹកឥដ្ឋហួសផ្ទុកលើសចំណុះឆ្លងកាត់ស្ពានមិនមើលផ្លាកសញ្ញហាមឃាត់ សំណាងអាក្រក់ឆ្លងផុតស្ពានហើយឡើងមិនរួចរយ៉ែថយក្រោយមកបុកនឹងបង្កាន់ដៃស្ពាន បណ្ដាលឲ្យខូចដៃស្ពានសាធារណៈរបស់រដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានខាងលើទឹកជ្រោះកាចាញ ស្ថិតនៅក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី រថយន្តយីឌុបបង្កនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A.3963 ដឹកឥដ្ឋពេញ។

បើតាមប្រភពពីអ្នករស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង២ទៀបភ្លឺ គេបានឮសម្លេងរថយន្តបើកឆ្លងស្ពាន លុះបានបន្តិច ក៏ឮសម្លេងដូចរន្ទះ ពួកគាត់ក៏មានការភ្ញាក់ផ្អើ ល នាំគ្នាស្ទុះពីដំណេកមកមើល ឃើញរថយន្តនោះថយបុកស្ពាន បណ្ដាលឲ្យរថយន្តយីឌុបនោះផ្អៀងជិតក្រឡាប់ពីលើថ្នល់។

ពួកគាត់បានបន្តថា ដោយរថយន្តយីឌុបនេះ ដឹកឥដ្ឋច្រើនពេក បណ្ដាលឲ្យរថយន្តឡើងចំណោតមិនរួច រយ៉ែថយមកក្រោយវិញ ទៅបុកបង្កាន់ដៃក្បាលស្ពាន បន្ទាប់ពីរថយន្តយីឌុបនេះឆ្លងស្ពានផុត ហើយឡើងចំណោតមិនរួច។

ប្រភពបន្តទៀតថា នៅយប់នោះខាងម្ចាស់ រថយន្តបានឲ្យកម្មកររើឥដ្ឋចេញពីឡានទាំងយប់ ដើម្បីយករថយន្តចេញដែរ ប៉ុន្តែរើមិនទាន់អស់ រហូតដល់ព្រឹកឡើង ក៏ផ្អើលដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរសាធារណការខេត្តចុះមករឹបអូសយករថយន្តដើម្បីឲ្យធ្វើការជួសជុលសងឡើងវិញ។

លោក ទុន ពៅ ចៅសង្កាត់កាចាញ បានឲ្យដឹងថា ស្ពាននេះ គឺសាងសងអំពីដែកក្រាលឈើយូរឆ្នាំមកហើយ លោកក៏បានឲ្យគេដាក់ស្លាកហាមឃាត់មិនឲ្យរថយន្តដឹកលើសពី៥តោនឆ្លងកាត់នោះទេ ព្រោះខ្លាចបាក់ស្ពាន។

ម្យ៉ាងទៀតបើស្ពាននេះបាក់ គឺប៉ះពាល់ដល់ការដឹកជញ្ជូនកសិផលទៅមករបស់ប្រជាពលរដ្ឋ ហើយកន្លងមក មិនដែលមានរថយន្តដឹកលើសទម្ងន់អញ្ចឹងទេ។

បច្ចុប្បន្ន រថយន្ដបង្ក ត្រូវបានមន្ទីរសាធារណៈកាខេត្តនាំយកទៅរក្សាទុកនៅមន្ទីរដើម្បីធ្វើការដោះស្រាយទៅតាមច្បាប់៕

 

 

Loading...