រថយន្តយីឌុប បុកជាមួយរថយន្តមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បណ្តាលឲ្យអ្នកជំងឺស្លាប់ម្នាក់ របួសធ្ងន់ស្រាល០៤នាក់

ខេត្តត្បូងឃ្មុំ÷ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និង៤នាក់ទៀត របួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុប បុកជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៧៣ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៤នាក់ ដោយនៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្សចំនួន៥នាក់ តៃកុងរថយន្តម្នាក់(របួសស្រាល) គ្រូពេទ្យស្រីម្នាក់ (របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ២នាក់ (របួសធ្ងន់) និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខក្រចេះ 3A-0892 បើកបរពីត្បូងទៅជើង (ខាងខេត្តត្បូងឃ្មុំទៅខេត្តក្រចេះ)បើកបរគ្មានការប្រុងប្រយ័ត្នហើយមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ឃើញឡានពេទ្យដឹកអ្នកជំងឺឈឺធ្ងន់ហើយមិនបង្អង់ល្បឿនឡើយ ថែមទាំងបុកឡានពេទ្យទៀតផង។ ចំណែករថយន្តសង្គ្រោះមន្ទីរពេទ្យមានស្លាកលេខ រដ្ឋ12- 2-0938 បើកបរពីជើងទៅត្បូង(ចេញពីខេត្តរតនគិរីឆ្ពោះទៅខេត្តត្បូងឃ្មុំ)។

លោកបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកជិះនៅលើរថយន្តពេទ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល មានចំនួន០៥នាក់ រួមមាន÷ ១- ឈ្មោះ អ៊ន ប៊ុនឡេង អាយុ៥២ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ជាតៃកុងឡានពេទ្យ (គ្មានរបួស) ២-ឈ្មោះ ម៉ូក ដា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនមាស ឃុំគោក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់ពេលកំពង់បញ្ជូនទៅមន្ទីពេទ្យ) ៣- ឈ្មោះ ម៉ៅ សុភី ភេទស្រី អាយុ៣៧ឆ្នាំ ( អ្នកគ្រូពេទ្យខេត្តរតនគីរី) (របួសធ្ងន់) ៤- ឈ្មោះ ដា ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដូនមាស ឃុំគោក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និង៥- ឈ្មោះ ញឹប មុំ ភេទស្រី អាយុ៤៥ឆ្នាំ នៅខេត្តរតនគីរី (របួសធ្ងន់)។

ចំពោះអ្នកបើកបររថយន្តធំ ពុំស្គាល់អត្តសញ្ញាណឡើង ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ អ្នករងរបួសទាំង៤នាក់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

 

 

Loading...