រថយន្តលោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា មេរង អាវុធហត្ថលើផ្ទៃប្រទេសត្រូវស្ទាវបើកបំបុក

ភ្នំពេញ៖ កាលពីវេលាព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តរបស់លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា មេរងអាវុធហត្ថលើផ្ទៃប្រទេស ត្រូវស្ទាវបើករថយន្តបំបុក ហើយស្រែកគំរាមថែមទៀត ។ ស្ទាវព្រហើនរូបនេះ មិនត្រូវបានស្គាល់ឈ្មោះឡើយ ប៉ុន្តែទំនងជាកូនអ្នកធំនៅស្រុកខ្មែរ និងជាអ្នកមានទ្រព្យសម្បត្តិសម័យបច្ចុប្បន្ននេះហើយមើលទៅ បានជាថ្លើមពាសមេឃ សូម្បីរថយន្តលោកផ្កាយ៣ ក៏មិនខ្លាចផងនោះ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ករណីនេះ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចេញអន្តរាគមន៍ភ្លាមៗផងដែរ ហើយបានឃាត់ខ្លួនក្មេងទំនើងរូបនេះនាំទៅដោះស្រាយតាមច្បាប់ ។

លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានប្រាប់ប្រភពព័ត៌មានថា មុនពេលកើតហេតុ រថយន្តរបស់ជននេះ បានបើកថយហើយពេលនោះប៉ះរថយន្តរបស់លោក លោកក៏ចុចសីុផ្លេ។ ស្រាប់តែជននេះ ដែលមានអាយុជាង២០ឆ្នាំ អាចធ្វើជាកូនលោកបាននោះ ក៏ស្រាប់តែចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!»។

ប្រភពបន្តថា មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្ត ទៅបុកលោក និងអង្គរក្សមួយទំហឹងតែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្ត ដេញតាម រហូតទាន់ហើយ ដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ ក៏ឃាត់យកទៅខណ្ឌភ្លាមៗ ៕

 

fn-2016-11-18-07-52-05-0 fn-2016-11-18-07-52-18-0 fn-2016-11-18-19-40-08-0

 

Loading...