រថយន្តហាយឡែនឌ័រ ដឹកឈើមួយគ្រឿង រេចង្កូតធ្លាក់ពីលើទ្រូងផ្លូវ បណ្តាលអោយអ្នកបើកបររងគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត

ខេត្តក្រចេះ៖ រថយន្តហាយឡែនឌ័រ ដឹកឈើមួយគ្រឿង បានរេចង្កូតធ្លាក់ពីលើទ្រូងផ្លូវ បណ្តាលអោយអ្នកបើកបររងគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត នៅស្រុកចិត្របុរី ខេត្តក្រចេះ ។

ហេតុការណ៍នោះ ត្រូវគេអោយដឹងថា បានកើតឡើងនៅម៉ោងប្រមាណជា៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១សីហាឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៧ ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ ចន្លោះបង្គោលលេខ៣៤១-៣៤២ នៃចំណុចអូរបែកចាន ស្ថិតនៅក្នុងភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

សេចក្តីរាយការណ៍បានអោយដឹងថា រថយន្តដឹកឈើមួយគ្រឿងនេះ ជាប្រភេទរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2C-1408 បើកបរក្នុងទិសដៅពីជើងទៅត្បូង « ចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តក្រចេះ » ។ រីឯម្ចាស់រថយន្តនេះ ត្រូវគេស្គាល់របស់ឈ្មោះ ធី កាប៉ូ ជាជើងខ្លាំងក្នុងការដឹកជញ្ជូនឈើល្មើសច្បាប់ ហើយក៏មិនងាយសមត្ថកិច្ចណាចាប់បាននោះដែរ។

ចំណែក ការរងគ្រោះថ្នាក់នេះ ជនរងគ្រោះ ត្រូវគេសង្ស័យថា អាចបណ្តាលមកពីងងុយដេក ទើបបើករថយន្តរេចង្កូតធ្លាក់ផ្លូវ បង្ករការគ្រោះថ្នាក់ដោយខ្លួនឯង ស្លាប់យ៉ាងអណោចអធមបំផុត។ ជនរងគ្រោះនៅមិនទាន់បានស្គាល់ពីអត្តសញ្ញាណនៅឡើយទេ ៕

Loading...