រថយន្ត២គ្រឿងបុកគ្នារងការខូចខាតទាំងសងខាង

(រតនគិរី)÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របុកនិងរថយន្តបែន មិនបណ្តាលឲ្យមនុស្សបាត់បង់ជីវិតនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ហេតុការណ៍រថយន្តបុកគ្នានេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវចូលក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ ចម្ការចេក(វៀតណាម)លេីផ្លូវជាតិលេខ៧៨ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងនិងខេត្តរតនគិរី ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី បើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

បើយោងតាមរបាយការណ៍ពីអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថា រថយន្តបង្កម៉ាកបែន ពណ៌ខៀវ អត់ស្លាកលេខ បេីកបរដោយឈ្មោះ សែត សុគា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលបើកបររថយន្ត មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង។

មកប៉ះនិងរថយន្តកុងតឺន័រដឹកផ្លែចេក ក្បាលពណ៌ស ពាក់ស្លាកលេខ 92R- 002-40 បេីកបរដោយឈ្មោះ ឡេ ង្វៀងថាញ់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកបើកបរ រស់នៅខេត្តដាក់ឡាត់នៃប្រទេសវៀតណាម។

របាយការណ៍បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ រថយន្តបែន បើកបរហួសល្បឿនកំណត់ ចុះចំណោតស្ពានមិនគោរពស្លាកសញ្ញាចរាចរណ៍ផ្លូវលំឆ្លងកាត់ទើបជ្រុលចង្កូតទៅបុកនិងរថយន្តកុងតឺន័រ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខនៃរថយន្តទាំង២គ្រឿងនេះយ៉ាងដំណំ ប៉ុន្តែពីមាននរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ដើម្បីធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ។

សូមបញ្ជាក់ថា រថយន្តកុងតឺន័រដឹកចេកចេញពីក្នុងក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(វៀតណាម)ជាច្រើនគ្រឿង បើកបរនៅលើដងផ្លូវជាតិក្នុងល្បឿនយ៉ាងលឿន ធ្វើឲ្យប្រជាពលរដ្ឋពួកគាត់មានការភ័យខ្លាច ដោយសាររថយន្តទាំងនេះបើកលឿនៗ ក្នុងនោះគេសង្ស័យថា រថយន្តទាំងនេះមិនបានចូលជញ្ជីងថ្លឹងរថយន្តដើម្បីឲ្យសមត្ថកិច្ចជំនាញនៅស្រុកកូនមុំលោកបានត្រួតពិនិត្យមើលនៃការផ្ទុកលើសចំណុះឬមួយយ៉ាងណានោះទេ។ ដោយរថយន្តទាំងនោះបានវាងនិងជញ្ជីងថ្លឹងរថយន្តមកតាមស្រុកលំផាត់ផ្លូវជាតិលេខ៧៦វិញ ឆ្ពោះមកចូលក្រុងបានលុងឆ្លងកាត់ទៅព្រំដែនកម្ពុជា-វៀតណាម។

ដោយឡែករថយន្តទាំងនេះមិនបានអនុវត្តច្បាប់ផ្លូវគោកឡើយ ថែមទាំងមិនគោរពច្បាប់ចរាចរណ៍ទៀតផង បើកបរលឿនៗ៕

 

Loading...