ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌នៅកន្លែងកើតហេតុដោយសារតែរួបគេជិះម៉ូតូស្មាសមួយគ្រឿងខណៈមកដល់ចំណុចផ្លូវកែងត្រូវបានរថយន្តក្រុមហ៊ុនស៊ិនទ្រីបើកបុកនិងកិនចំពាក់កណ្តាលខ្លួន កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅចំណុចស្តុបដើមគរ តាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវមុន្នីរេត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទទូលគោក។
ជនរងគ្រោះត្រូវបានគេស្គាលឈ្មោះ ហៀង ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅម្តុំវត្តពោធិ៍ចិនតុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូស្មាស់មួយគ្រឿង ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AC-9967 ជិះដោយឈ្មោះហៀង បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែបានព្យាយាមវ៉ាម៉ូតូម៉ូតូទៀត ភ្លាមនោះក៏ត្រូវរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រី ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទីសដៅពីកើតទៅលិចបានបុកចំពេញទំហឹងហើយកិនចំពាក់កណ្តាលខ្លួនបណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតស្ទើទាំងស្រុង។
បន្ទាប់ពីកើតហេតុតៃកុងរថយន្តបង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោលតែម្តងបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពេលកើតសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងសហការជាមួយជំនាញ់ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យជើងគោកដើម្បីរងចាំដោះស្រាយតាមច្បាប់ ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅតម្គល់នៅវត្តពោធិ៍ចិនតុងដើម្បីធ្វើបុណ្យតាមប្រពៃណី៕