រថយន្ត​ដឹក​ជ្រូក​បុក​ម៉ូតូ​ស្លាប់​៣​នាក់​និង​ម្នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរ​ដ៌​រន្ធត់​មួយ​បាន​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥​នៅ​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ បណ្តាល​មនុស្ស​ប្រុស​ស្រី​៣​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ជ្រូក​បុក​ម៉ូតូ​ដែល​ឈប់​នៅ​នឹង​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​រប​ល់​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខណៈ​ម៉ូតូ​កំពុង​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​បែរមុខ​ទៅ​ទិស​ខាងកើត​មុខ​ផ្ទះ​រប​ល់​ខ្លួន ក៏​មាន​រថយន្ត​ដឹក​ជ្រូក​បើកបរ​មក​ពី​ទិស​ខាងកើត មក​ដល់​កន្លែង​កើតហេតុ បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់ និង​កុមា​រា​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​កុមា​រា​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ក៏​ប៉ុន្តែ​កុមា​រា​រង​គ្រោះ​មាន​សង្ឃឹមរ​ស់តិច​ណាស់​ព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក ។ ឬ​ឯ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​៣​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​នៅ​លើ​រថយន្ត​នោះ​មាន​ជ្រូក​មួយ​ក្បាល​ផង​ដែរ ។

ប្រភព​បន្ត​ថា រថយន្ត​បង្ក​ខាងលើ​ក្រោយ​ពី​បុក​ម៉ូតូ​រង​គ្រោះ បាន​រេ​ចង្កូត​ចូល​ស្រះ​ទឹក​ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ អ្នកស្រុក​បានឃើញ​បុរស​ទាំង​៣​នាក់​នោះ​បាន​រត់គេច​ពី​កន្លែង​បង្ក​គ្រោះថ្នាក់​ទៅ​ទិស​ខាងជើង​កាត់​តាម​វាលស្រែ​បាត់​ប្រ​មោ​ល ។ រថយន្ត​បង្ក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​មក​លើគោក និង​ធ្វើការ​វាស់វែង ។

ប្រភព​ដដែល​បន្ត​ថា សព​ជន​រង​គ្រោះ ក្រោយ​កើតហេតុ ត្រូវ​បាន​សាច់ញាតិ​នាំ​គ្នា​យក​មក​ផ្ទះ​ភ្លាម​ៗ ព្រោះ​កន្លែង​កើតហេតុ​ស្ថិត​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ។ គេ​សង្កេត​ឃើញ លោក សួន បរ​វ អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ភ្លាម​ៗ​ក្រោយ​ទទួល​បាន​ដំណឹង នឹង​បាន​នាំ​យក​ថវិកា​ចូលរួម​បុណ្យសព និង​បាន​នាំ​យក​សារុង រួម​និង​ថវិកា​មួយ​ចំនួន​ទៀត​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ខណៈនោះ ។

លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​យក​ជ្រូក​មួយ​ក្បាល​ដែល​នៅ​លើ​រថយន្ត​បង្ក​នោះ យក​មក​ឲ្យ​ក្រុម​គ្រួសារ​សព​ដើម្បី​ធ្វើ​ម្ហូប​បុណ្យ​ផង​ដែរ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​វាស់វែង និង​ចុះ​ស្រាវជ្រាវ​រក​ជន​បង្ក ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

Loading...