ខេត្តបន្ទាយមានជ័យ៖ រថយន្តម៉ាកកាមរីកែច្នៃ១គ្រឿងគេមើលឃើញថាបានដឹកទំនិញសំពីងសំពោងចេញពីច្រកព្រំដែនកម្ពុជា-ថៃ ដែលគេសង្ស័យថាជាទំនិញគេចពន្ធខុសច្បាប់បានបើកមកបុង បង្កាន់ ដៃស្ពានទឹកថ្លាបណ្តាលឱ្យក្រឡាប់ផ្លោងខ្ទាតទំនិញពេញថ្នល់ជាតិ ។
ប៉ុន្តែហេតុការណ៍នេះគេ រាយការមកថាមិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងរបួសនិងស្លាប់នោះទេ។គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ កើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៥ នៅលើកំណត់ផ្លូវជាតិលេខ៥ចំណុចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីសេរីចាស់កែច្នៃមួយគ្រឿងបានដឹកទំនិញអីវ៉ាន់សំពីង សំពោង ធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីលិចមកកើត លុះបើកមកដល់ចំណុចកើតហេតុ ជាកន្លែងផ្លូវកោង ដោយរថយន្តដឹកធ្ងន់លើសចំណុះ និងដឹកសំពីងសំពោងខ្លាំងពេកទំនង កាច់ចង្កូតមិនទាន់បណ្តាលឱ្យរថយន្តជ្រុលទៅបុកបង្កាន់ដៃស្ពានខាងត្បូងធ្វើឱ្យក្រឡាប់ចាក់ ទំនិញចោលពេញផ្លូវជាតិតែម្តង។ចំណែកបង្កាន់ដៃស្ពានរងការបាក់ខូចខាតផងដែរ។
ក្រោយ ពីកើតហេតុភ្លាមគេឃើញមានរថយន្តម៉ាកនីសាន់មួយបាំងកន្លះពាក់ស្លាកលេខបន្ទាយមាន ជ័យ២A ០១១២ បានបើកមកសាងទំនិញដឹកចេញទៅ បាត់ចំណែករថយន្ត ក្រឡាប់ត្រូវ បាន គេអូសយកទៅយ៉ាងស្ងៀមស្ងាត់ដោយមិន រំខានដល់សមត្ថកិច្ចនោះឡើយ។ ម្ចាស់ទំនិញ និងអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ គេមិនបាន ស្គាល់អត្តសញ្ញានមនោះឡើយហើយមិនត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្វែងរកឃាត់ដើម្បីផាកពិន័យសងថ្លៃខូចខាតជូនរដ្ឋផងដែរ។សមត្ថកិច្ចប្រាប់ឱ្យដឹងថាហេតុការណ៍ខាងលើសមត្ថកិច្ច ពុំបានដឹងនោះទេ៕