ភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស លាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A 3902 ដែលផ្ទុកដឹកធ្យូងអនាម័យ សង្ស័យតៃកុងបើកបួងចង្កូតបត់ឆ្វេងធ្លាក់កង់ម្ខាងពីផ្លូវបេតុង ។ រថយន្តក្រឡាប់ដេកផ្អៀងក្បែរចិញ្ចើមផ្លូវលេខ២៧១ កែងនិងផ្លូវវេងស្រេង ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ មុខវិទ្យាស្ថានអន្តរជាតិប៊ែលធី ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ របួសធ្ងន់កម្មករដែលអង្គុយលើបាវធ្យូង២នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងស្របពេលដែលរថយន្តរងគ្រោះខាងលើ ផ្ទុកដឹកធ្យូងអនាម័យពេញ និងមានមនុស្សជិះ៤នាក់ ចេញពីក្នុងភូមិឫស្សី តាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង សម្តៅយកទៅដាក់កន្លែងក្រុមហ៊ុនជប៉ុន នៅរង្វង់មូលទួលគោក ។ លុះដល់ចំណុចកើតហេតុខាងលើ ដែលជាកន្លែងទើបចាក់បេតុងរួចម្ខាង នៅសល់ម្ខាងទៀត មិនទាន់ចាក់ តៃកុងបើកបត់ឆ្វេងធ្លាក់កង់ម្ខាងចេញពីលើផ្លូវបេតុង ដោយសារថយន្តដឹកធ្ងន់ផង បណ្តាលឲ្យក្រឡាប់ដេកផ្អៀងក្បែរចិញ្ចើមផ្លូវនោះតែម្តង ចាក់បាវធ្យូងចោលសង្កត់លើមនុស្ស ធ្វើឲ្យកម្មករ២នាក់ ដែលអង្គុយនៅលើបាវធ្យូង ក្នុងនោះមា្នក់បាក់ភ្លៅមា្ខងខាងស្តាំ និងម្នាក់ទៀតបាក់ភ្លៅខាងឆ្វេងរងរបួសធ្ងន់ដូចគា្ន ចំណែកអ្នកអង្គុយក្នុងកាប៊ីនខាងមុខមិនមានរងរបួសទេ ។
គ្រោះថា្នក់នេះកើតឡើងភ្លាម ទាំងបុរសតៃកុង និងទាំងកម្មកររងរបួស បានព្យាយាមលាក់បាំងព័ត៌មាន មិនប្រាប់ឈ្មោះ និងនិយាយអ្វីទាំងអស់ រង់ចាំរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។ ចំណែករថយន្តដែលក្រឡាប់ ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌមានជ័យ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕