រថយន្ត​បុក​គ្នា​នៅ​បារាំង​ស្លាប់​និវត្តជន​៤៣​នាក់​

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​៤៣​នាក់​បាន​បាត់បង់​ជីវិត​ ភាគច្រើន​ក្នុង​ចំណោម​នោះ​ គឺជា​និវត្តន៍​ជន​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្តក្រុង​បុក​ជាមួយ​រថយន្ត​កា​ម៉ាស់​ស្ថិត​នៅ​ភាគ​និរតី​ ប្រទេស​បារាំង​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​មួយ​ជិត​តំបន់​ Puisseguin​ ភាគ​ខាងកើត​ទីក្រុង​កំពង់​ផែ​ Bordeaux​ ។​ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​ បន្ទាប់​ពី​ការ​បុក​គ្នា​រួច​មក​ ។​

​ប្រធានាធិបតី​បារាំង​បាន​សន្យា​បើក​ការ​ស៊ើបអង្កេត​ពេញលេញ​ចំពោះ​អ្វី​ដែល​លោក​បាន​ហៅ​ថា​ ជាម​ហា​សោកនាដកម្ម​នេះ​ ។​ នេះ​ជា​គ្រោះថ្នាក់​ចរាចរ​តាម​ផ្លូវគោក​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​បំផុត​មិន​ធ្លាប់​កើត​មាននៅ​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​១៩៨២​រៀង​រហូត​មក​ ។​ កាលពី​ឆ្នាំ​១៩៨២​ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ប្រទេស​បារាំង​ ដែល​សម្លាប់​មនុស្ស​រហូត​៥២​នាក់​ ។​

​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​បញ្ជាក់​ថា​ រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​បុក​គ្នា​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ម៉ោង​នៅ​ក្នុង​តំបន់​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​ភ្លាមៗ​ បាញ់​ផ្សែង​ខ្មួលខ្មាញ់​នៅ​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ ក៏​អាច​នៅ​ឃើញ​ផ្សែង​នោះ​ផង​ដែរ​ ។​ វា​ជា​គ្រោះថ្នាក់​ដ៏​អាក្រក់​ជាទី​បំផុត​នៅ​ក្នុង​ប្រវត្តិ​ការ​ចរាចរ​តាម​ផ្លូវគោក​ក្នុង​ប្រទេស​បារាំង​ ។​

​នាយក​រដ្ឋមន្ត្រី​បារាំង​ លោក​ Manuel​ Valls​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើតហេតុ​ ។​ លោក​បាន​ថ្លែង​ថា​ នេះ​ជា​គ្រោះថ្នាក់​មួយ​ធ្វើ​ឲ្យ​ញាប់​ញ័រ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​បារាំង​ ។​ លោក​ថា​ ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ក្នុង​សភាព​គួរ​ឲ្យ​តក់ស្លុត​ជាទី​បំផុត​ ។​

​ក្រុម​ជួយ​សង្គ្រោះ​ដែល​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​សង្គ្រោះ​មនុស្ស​៨​នាក់​ ប៉ុន្តែ​ក្នុង​ចំណោម​ពួក​គេ​៤​នាក់​ កំពុង​ស្ថិត​ក្នុង​សភាព​រង​របួសធ្ងន់​ ។​ បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ហើយ​បាន​ឈប់​ម៉ូតូ​ដើម្បី​ចូល​ទៅ​ជួយ​ជន​រង​គ្រោះ​នោះ​ក៏​បាន​រង​របួស​ផង​ដែរ​ ។​

​ប៉ូលិស​ក្នុង​តំបន់​ថ្លែង​ថា​ អ្នកបើកបរ​រថយន្តក្រុង​ត្រូវ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ម្ខាង​ទៀត​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាត់​បង់ជីវិត​ ។​ សាកសព​កូនប្រុស​អាយុ​៣​ឆ្នាំ​របស់​អ្នកបើកបរ​រថយន្ត​កា​ម៉ាស់​ត្រូវ​រក​ឃើញ​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​របស់​ឪពុក​ខ្លួន​ផង​ដែរ​ ។​

​ប៉ូលិស​អះអាង​ថា​ គេ​ចំណាយពេល​យក​សាកសព​ចេញពី​ទីកន្លែង​កើតហេតុ​ គឺ​ចំណាយពេល​មិន​តិច​ជាង​បី​ថ្ងៃ​នោះ​ឡើយ​។​ មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​កើតឡើង​ គេ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ ប៉ុន្តែ​មន្ត្រី​ក្នុង​តំបន់​អះអាង​ថា​ អ្នកបើកបរ​រថយន្ត​កា​ម៉ាស់​បាន​បាត់បង់​ម្ចាស់​ការ​ បញ្ជា​រថយន្ត​នៅ​ជាប់​ពាក់​កណ្តាលផ្លូវ​ ។​ ពេល​នោះ​អ្នកបើកបរ​រថយន្តក្រុង​បាន​ព្យាយាម​បើក​គេច​ ប៉ុន្តែ​មិន​អាច​គេច​ផុត​ក៏​បុក​តែ​ម្តង​ ។​

​សេចក្តីរាយការណ៍​ផ្សេង​ទៀត​អះអាង​ថា​ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្តក្រុង​បាន​បើកទ្វារ​ចុះ​ជួយ​ជន​រង​គ្រោះ​ដែល​នៅ​ក្នុង​រថយន្ត​នោះ​ ។​ ភាគច្រើន​អ្នកដំណើរ​គឺជា​មនុស្ស​ចាស់ជរា​ ដែល​ជា​សមាជិកសមាគម​មនុស្ស​ចាស់ជរា​ ស្ថិត​នៅ​ពី​ទីក្រុង​ Petit-Palais-et-Cornemps​ ។​ ពួក​គាត់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្ពោះទៅ​កាន់​ភាគ​ខាងត្បូង​តំបន់​ Landes​ ។​

​ទង់ជាតិ​នៅ​ក្នុង​តំបន់​ត្រូវ​បង្ហូត​នៅ​ត្រឹម​ពាក់កណ្តាល​ដង​ដើម្បី​ជា​ការ​រំលែក​ទុក្ខ​ដ៏​សោកសៅ​នេះ​ ។​ ប្រធានាធិបតី​បារាំង​ លោក​ Francois​ Hollande​ បាន​ថ្លែង​ថា​រដ្ឋាភិបាល​ នឹង​ស៊ើបអង្កេត​ករណី​សោកនាដកម្ម​នេះ​ ហើយ​ថា​ លោក​មានការ​សោកសៅ​បំផុត​ចំពោះ​ហេតុការណ៍​នេះ​ ៕​

 

 
sew (3) sew (2) sew (1) sew (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *