រថយន្ត ​ដឹក​គ្រឿងសំណង់ បើក​បុក​ម៉ូតូ គៀប​ជាប់​នារី​ម្នាក់ នៅក្រោម​រថយន្ត​អូស​ជាង​១៥​ម៉ែត្រ

ខេត្តរតនគិរី​៖ រថយន្ត ​ដឹក​គ្រឿងសំណង់ បើក​បុក​ម៉ូតូ​គៀប​ជាប់​ទាំង​មនុស្ស និង​ម៉ូតូ អូស​ជាង ១៥​ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​បាក់ដៃ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នេះ នៅ​ចំណុច​មុខ​ពហុកីឡាដ្ឋាន​ខេត្ត ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​គ្រឿងសំណង់​១​គ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3A-7518 បើក​យ៉ាង​ល្បឿន​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​ខាងលើ បាន​ជ្រុល​បើក​ប៉ះ​រថយន្ត​១​គ្រឿង​ដែល​ចត​ស្ងៀម រួច​រ៉េ​ចង្កូត​បន្តទៅ​បុក​យ៉ាង​ពេញទំហឹង​ជាមួយ ម៉ូតូ​១​គ្រឿង​ម៉ាក ឌ្រី​ម សង់​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី​1B-2243 ទិសដៅ​ច្រាស់​គ្នា គៀប​ជាប់​មនុស្ស និង​ម៉ូតូ នៅក្រោម​រថយន្ត អូស​ជាង​១៥​ម៉ែត្រ បណ្តាល​ឲ្យ​នារី​ម្នាក់ បាក់ដៃ​ខាងឆ្វេង​។

​លោក រុំ សារិទ្ធ មេ​ប៉ុស្តិ៍​បឹង​កន្សែង បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ឈ្មោះ មឿ​ន ស្រីអូន អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ជិះ​ម៉ូតូ​មក​ទិញ​ម្ហូបអាហារ នៅ​ផ្សារ​បាន​លុង ក៏​ជួប​គ្រោះថ្នាក់​តែម្តង សំណាងល្អ​មិន​រងគ្រោះ​ដល់​ជីវិត​។ ចំណែក​តៃកុង​រថយន្ត និង​កម្មករ​ដែល​រួច​ដំណើរ​ជាមួយ រត់គេចខ្លួន​បាត់ស្រមោល​អស់​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ប្រជាពលរដ្ឋ បាននាំគ្នា​លើក​រថយន្ត​ឡើង ដើម្បី​ជួយ​នារី​រងគ្រោះ ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ដោយឡែក​រថយន្ត និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ជើងគោក យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រងចាំ​ការដោះស្រាយ​តាម​និតិ​វិធី​៕

11230964_191316854534650_5245587277864129318_n(2) 12049314_191316781201324_1065013537848416369_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *