រន្ធត់ណាស់គ្រោះថ្នាក់ចរាចរណ៍ស្លាប់៨នាក់នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានបឋមបានឲ្យដឹងថា មនុស្សយ៉ាងតិច៨នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីវេលាម៉ោង១០និង ២៥ នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២០ ។

សោកនាដកម្មនេះកើតឡើងរវាង រថយន្តតាក់ស៊ីជាមួយរថយន្តដឹកទឹកកក ដោយគេដឹងថាខាងរថយន្តតាក់ស៊ីឆ្លាម ពណ៌ស មានមនុស្សសរុប៩នាក់ ខណៈដែលរថយន្តដឹកទឹកកកមានមនុស្សពីរនាក់។

គ្រោះថ្នាក់រថយន្ដទាំងពីរគ្រឿងបុកគ្នាបានកើតឡើងនៅចំណុចភូមិពពាលខែ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ភ្លាមៗបន្ទាប់ពីកើតហេតុគេបានឃើញ ជនរងគ្រោះបាត់បង់ជីវិត៧នាក់ និងរងរបួស ២នាក់ ខាងរថយន្តតាក់ស៊ី ។ ចំណែកខាងរថយន្តដឹកទឹកកក ស្លាប់មួយ របួសមួយ ។

នគរបាលជំនាញចរាចរណ៍មូលដ្ឋានបានចុះត្រួតពិនិត្យទីតាំងកើតហេតុស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះក៏ដូចជាជូនដំណឹងដល់ក្រុមគ្រួសារសពផងដែរ ។ យ៉ាងណាក៏ដោយជំនាញមិនទាន់ទទួលបានព័ត៌មានលម្អិតផ្តល់ជូនក្រុមអ្នកកាសែតនៅឡើយទេ។

គួរកត់សម្គាល់ផងដែរថា នេះគឺជាសោកនាដកម្មបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សច្រើនជាងគេបំផុតក្នុងរយៈកាលចុងក្រោយនេះទាក់ទងជាមួយឃាតកលាក់មុខឈាមត្រជាក់នៅលើដងផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជា ៕

Loading...