រន្ធត់! រថយន្ដជាច្រើនគ្រឿងបុក និងកិនអ្នកថ្មើរជើងម្នាក់បែកក្បាល និងដាច់ដៃ ជើងជាកង់ៗនៅខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ រថយន្តជាច្រើនគ្រឿងបានបន្តបុកទៅលើបុរសអ្នកថ្មើរជើងតាមដងផ្លូវម្នាក់បណ្តាលឲ្យបែកក្បាល ដាច់ដៃ ដាច់ជើង និងដាច់ដងខ្លួនជាដុំៗ ស្លាប់ក្នុងថ្លុកឈាមដែលមើលទៅគួរឲ្យព្រឺព្រួចរន្ធត់ជាបំផុត ។

ករណីនេះបានកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចចន្លោះស្ពានលេខ៩និងលេខ១០ ទល់មុខបុរីហាយលែន តាមបណ្ដោយផ្លូវជាតិលេខ៦ ក្រុមទី១៧ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍បាក់ខែងបានឲ្យដឹងថា ជនរងគ្រោះនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លី ពណ៌ខ្មៅ អត់ពាក់អាវ បានដើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដើរមកដល់ខាងមុខបុរីហាយលែន ដែលជាចំណុចកើតហេតុ ស្រាប់តែមានរថយន្ដជាច្រើនគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនហើយមកបុកជនរងគ្រោះជាបន្តបន្ទាប់បណ្ដាលឲ្យដួលខ្ទាតប៉ើងជាច្រើនត្រឡប់តែម្តង ។

សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យ និងបានរៀបចំយកសាកសពបញ្ជូនទៅតម្កល់ទុកនៅវត្តបាក់ខែង ដើម្បីរង់ចាំបងប្អូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ៕

1 2

Loading...