របាយការណ៍ៈ តុលាការ​ពុករលួយ​បង្ក​ការ​លំបាក​ដល់​ការ​វិនិយោគ

ភ្នំពេញ៖ប្រព័ន្ធ ​តុលាការ​របស់​ប្រទេស​កម្ពុជា​បាន​ទទួល រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង ខណៈ​គណៈ​មេធាវី​អន្តរជាតិ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ដែល​បង្ហាញ​ថា តុលាការ​កម្ពុជា ត្រូវ​បាន​ញាំញី​ដោយ​អំពើ​ពុករលួយ ស៊ី​សំណូក និង​ឥទ្ធិពល​នយោបាយ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «យុត្តិធម៌ ប្រឆាំង​នឹង​អំពើ​ពុករលួយ​គឺ​បញ្ហា​ប្រឈម​ដល់​ឯករាជ​ភាព​របស់​តុលាការ​នៅ​ ក្នុង​ប្រទេស​កម្ពុជា» បាន​ពិពណ៌នា​ពី​ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៃ​ដំណើរ​ការ​របស់​តុលាការ​ កម្ពុជា និង​បាន​លើក​ឡើង​ពី​កង្វះ​ទំនុក​ចិត្ត​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ ពី​ប្រជាជន​ក្នុង​ស្រុក និង​ជន​បរទេស។

ពាណិជ្ជករ​ថ្លែង​ថា គុណភាព​របស់​ប្រព័ន្ធ​តុលាការ​កំពុង​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​ថា​តើ​ ត្រូវ​វិនិយោគ ឬ​មិន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អំពើ​ពុករលួយ​ ដែល​មាន​នៅ​គ្រប់​វិស័យ ដែល​រួម​ទាំង​តុលាការ​គឺជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជាច្រើន​ សម្រាប់ «ការ​ជួយ​សម្រួល​ការ​ធ្វើ​ពាណិជ្ជ» ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទាប​បំផុត​នៃ​ការ​សម្រួល​ការ​ធ្វើ ​ពាណិជ្ជកម្ម​ដែល​បាន​ផ្ដល់​ចំណាត់​ថ្នាក់​ដោយ​ធនាគារ​ពិភពលោក។ ការ​ផ្ដល់​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​បាន​ដាក់​ប្រទេស​កម្ពុជា​ទី​១៨៤ ក្នុង​ចំណោម​ប្រទេស​១៨៩​ខាង​ផ្នែក​ជួយ​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​នឹង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​តាម​ច្បាប់​ជាប់​ចំណាត់​ថ្នាក់​ទី​ ១៧៨ ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា។

លោក Matthew Rendall ដៃ​គូ​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ច្បាប់ Sok Siphana & Assocaites បាន​ថ្លែង​ថា ផល​ប៉ះពាល់​លើ​ការ​វិនិយោគ​ទំនង​ជា​មាន​សារៈសំខាន់។ ការ​មាន​ប្រព័ន្ធ​តុលាការ​ដែល «ខ្លាំង និង​មាន​ប្រសិទ្ធភាព» គឺជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ជាច្រើន​សម្រាប់​វិនិយោគិន​ដែល​ កំពុង​ចូល​មក​នឹង​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត​វិនិយោគ​របស់​ ពួក​គេ។

លោក​ថ្លែង​ថា៖ «វា​មិន​មែន​ជា​កត្តា​ដ៏​ចាំបាច់ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​មិន​ជ្រើសរើស​ក្នុង​ការ​វិនិយោគ​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​ផ្នែក​មួយ​នៃ​ការ​ពិចារណា​របស់​ពួក​គេ​នៅ​ពេល​សម្រេច​ ចិត្ត​ថា​តើ​វិនិយោគ ឬ​មិន​វិនិយោគ»។

លោក Rendall បាន​លើក​ឡើង​ថា ចំពោះ​បញ្ហា​នៃ​ការ​អនុវត្ត​ច្បាប់ ជាមួយ​នឹង​ប្រព័ន្ធ​មួយ​ដូច​ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ន វិនិយោគិន​បរទេស​យល់​ថា វា​ពិបាក​ក្នុង​ការ​ទុក​ចិត្ត​លើ​តុលាការ​ដោយ​សារ​តែ​កង្វះ «តុលាការ​ដែល​ផ្ដល់​ហេតុ​ផល​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ»។

លោក ​បញ្ជាក់​ថា៖ «ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ធ្វើ​ឲ្យ​វា​ពិបាក​សម្រាប់​វិនិយោគិន​បរទេស​ក្នុង​ការ​ទុក​ចិត្ត​លើ​តុលាការ ​ក្នុង​ការ​អនុវត្ត​ច្បាប់»។

ការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​កិច្ច​ព្រម​ ព្រៀង និង​កង្វះ​ការ​ពឹង​ផ្អែក​ផ្នែក​ច្បាប់​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ប្រទេស​អាច​ ប៉ះពាល់​ដល់​ចក្ខុ​វិស័យ​របស់​កម្ពុជា ជាមួយ​នឹង​វិនិយោគិន​មាន​សក្ដានុពល​ដែល​កំពុង​ដំណើរការ ជា​ពិសេស​ពេល​ទាក់ទង​ជាមួយ​ដៃ​គូ​ក្នុង​ស្រុក។ នេះ​បើ​យោង​តាម​លោក Thomas Hugger ប្រធាន​ប្រតិបត្តិ និង​ជា​អ្នក​គ្រប់​គ្រង​មូលនិធិ​នៅ​ក្រុមហ៊ុន​វិនិយោគ Asia Frontier Capital។

លោក​ថ្លែង​ថា៖ « ឧទាហរណ៍ ការ​ពឹង​ផ្អែក​លើ​ផ្នែក​ច្បាប់​កាន់​តែ​សំខាន់​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ រួម​បើ​ធៀប​នឹង​ក្រុមហ៊ុន​វិនិយោគ​ដោយ​ខ្លួន​ឯង​ផ្ទាល់»។

ប៉ុន្តែ ទោះ​បី​ជា​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ក៏​ដោយ ក៏​វិនិយោគិន​ចង់​មើល​ឃើញ​ក្រប​ខ័ណ្ឌ​ច្បាប់​ដ៏​ខ្លាំង​មួយ​ដែល​អាច​ជួយ​ ការពារ​ការ​វិនិយោគ​របស់​ពួក​គេ​បាន។

លោក​បន្ថែម​ថា៖ «ច្បាស់​ណាស់​ថា ច្បាប់​ដែល​មាន​ស្ថិរភាព និង​ក្របខ័ណ្ឌ​បទ​ប្បញ្ញតិ្ត ពិតជា​អាច​ជួយ​ទាក់ទាញ​ការ​វិនិយោគ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ កម្ពុជា»។

យោង​តាម​លោក ដាវីដ វ៉ាន តំណាង​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ពាណិជ្ជកម្ម Bower Group Asia តុលាការ​ទន់​ខ្សោយ​មួយ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ការ​ហូរ​ចូល​របស់​ក្រុមហ៊ុន​ អន្តរជាតិ​ធំៗ [MNCs] ដែល​ក្រុមហ៊ុន​ទាំង​នេះ​នាំ​យក​ការ​វិនិយោគ​និង​ការងារ​ជា​ច្រើន។

លោក ​បាន​ថ្លែង​ថា៖ «បច្ចុប្បន្ន ប្រទេស​កម្ពុជា​មាន MNCs ដែល​មាន​ឈ្មោះ​ល្បី​តិច​ជាង ២០ ក្រុមហ៊ុន បើ​ធៀប​ជាមួយ​នឹង​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ជាង ១០ ០០០ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ចង្អុល​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ក្របខ័ណ្ឌ​តុលាការ​របស់​ប្រទេស​ ទាំង​ពីរ​នេះ»។

ដោយ​សារ​កង្វះ​តុលាការ​ពាណិជ្ជកម្ម​ដែល​មាន​ឯកទេស​នៅ​ ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ចេញ​អនុក្រឹត្យ​មួយ​ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​ពាណិជ្ជកម្ម​ជាតិ (NCAC) ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី ២០១៣ និង​បាន​បើក​ដំណើរការ​ដោះស្រាយ​រឿង​ក្ដី​កាល​ពី​ឆ្នាំ​២០១៤។ ប៉ុន្តែ ដោយ​សារ​មជ្ឈមណ្ឌល​នេះ​មាន​ករណី​តែ​មួយ​គត់​នៅ​ក្នុង​រយៈ​មួយ​ឆ្នាំ​ចុង​ ក្រោយ​នេះ ប្រសិទ្ធភាព​របស់​វា​មិន​ទាន់​ត្រូវ​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

លោក រស់ ម៉ូនីន ប្រធាន NCAC ថ្លែង​ថា៖ «ប៉ុន្តែ​បញ្ហា​នេះ​គឺថា​មជ្ឈមណ្ឌល​នេះ​ថ្មី ហើយ​ពួក​គេ​អាច​មក​មជ្ឈមណ្ឌល​មជ្ឈត្តកម្ម​ដោយ​មាន​កិច្ច​ព្រម​ព្រៀង​ភាគី​ ទាំង​ពីរ​ប៉ុណ្ណោះ»៕

 

2015_10_20_09_51_03

Loading...

Leave a Reply

Your email address will not be published. Required fields are marked *