រយៈពេល០១សប្តាហ៍ចុងក្រោយនេះនគរបាលបន្តរឹតបន្តឹងការងាររៀបចំសណ្តាប់ធ្នាប់និងស្ទូចយានយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់និងបើកបញ្ច្រាសទិស ល្មើសសញ្ញាចរាចរណ៍ហាមឃាត់ខុសច្បាប់សរុប៨១៤គ្រឿង

ភ្នំពេញ៖  រយៈពេល០១សប្តាហ៍ចុងក្រោយនេះនគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តចុះអនុវត្តរឹតបន្តឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងក៏បានស្ទូចយានយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវនិងបើកបរបញ្ច្រាសទិសល្មើសនឹងសញ្ញាចរាចរណ៍ហាមឃាត់ខុសច្បាប់សរុប៨១៤គ្រឿងដើម្បីយកមកអប់រំនិងផាកពិន័យ តាមច្បាប់ ។

ការចុះអនុវត្តរឹតបន្តឹងរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ ត្រូវគេមើលឃើញថា គឺក៏ដើម្បីបង្កើនការលើកកម្ពស់ឱ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈនៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង ។ ជាពិសេសចូលរួមដោះស្រាយបញ្ហាកកស្ទះចរាចរ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយយានយន្តមួយចំនួនឈប់-ចត គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ ។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលសណ្តាប់ធ្នាប់ក៏បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងវិថីនិងទីប្រជុំមួយចំនួនក្នុងរាជធានីភ្នំពេញដូចជានៅចំណុចផ្លូវលេខ១៥០ខណ្ឌទួលគោក, ចុះរៀបចំនិងណែនាំអ្នកបើករថយន្តតាក់ស៊ីដែលឈប់-ចតហៅភ្ញៀវប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិចខាងមុខផ្សារដើមគ ខណ្ឌបឹងកេងកង ,ចុះអប់រំណែនាំនិងរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវម៉ុង ប្ញទ្ធី ខណ្ឌសែនសុខ  ,ចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចមហាវិថីកម្ពុជាក្រោមកែងនិងផ្លូវលេខ២៣៣,ហើយនៅពេលនោះក៏បានស្ទូចរថយន្តមួយចំនួនដែលឈប់-ចត តាមផ្លូវសាធារណៈល្មើសនិងសញ្ញាចរាចរណ៍ហាមឃាត់ខុសច្បាប់ យកមកអប់រំ និងផាកពិន័យតាមច្បាប់ផងដែរ ។

លោកវរសេនីយ៍ត្រី អេម សម្បត្តិបូរ៉ាមី នាយផ្នែកគោលដៅនៃការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថាអនុវត្តតាមផែនការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់សាធារណៈគឺមន្រ្តីនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់សហការជាមួយនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានជាប្រចាំ ។ ក្នុងនោះចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងចូលរួមរៀបចំសណ្តាប់ធ្នាប់តាមមុខផ្ទះ មុខហាង និងទីតាំងបើកអាជីវកម្មផ្សេងទៀតឱ្យមានរបៀបរយល្អក្នុងករណីដែលមានការអប់រំមិនរាងចាលត្រូវអនុវត្តតាមច្បាប់ ។ មិនតែប៉ុណ្ណោះនគរបាលសណ្តាប់ធ្នាប់នៅតែបន្តចាត់វិធានការម៉ឺងម៉ាត់ចំពោះយានយន្តដែលឈប់-ចត ល្មើសសញ្ញានិងគំនូសចរាចរណ៍សហាមឃាត់ខុសច្បាប់ដោយស្ទូចរថយានយន្តល្មើសមកស្នការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិន័យតាមច្បាប់ ។

លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញត្រូវមានស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់ដើម្បីនាំមកនូវសណ្តាប់ធ្នាប់ សុវត្ថិភាពល្អ៕

Loading...