រវល់ទៅធ្វើការចាក់សោផ្ទះចោលត្រូវអគ្គីភ័យឆាបឆេះគ្មានសល់ខូចខាតសរុបទឹកប្រាក់ប្រហែល១០ម៉ឺនដុល្លារ

ខេត្តក្រចេះ៖ ផ្ទះឈើប្រក់ក្បឿង១ខ្នង នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ កាលពីវេលាម៉ោងជាង៥ទៀបភ្លឺ ព្រឹកថ្ងៃទី១១ខែកុម្ភៈ ខណៈដែលផ្ទះឈើ១ខ្នងនេះ ត្រូវម្ចាស់ចាក់សោរទុកចោល និងខូចខាតសម្ភារៈសរុបប្រហែល១០ម៉ឺនដុល្លារ ។

គ្រោះអគ្គីភ័យដែលបានឆេះសន្ឋោសន្ឋៅផ្អើលអ្នកស្រុក ក៏ដូចជានគរបាល គឺមិនបង្កឱ្យមានជនណាម្នាក់រងគ្រោះនោះទេ ដោយក្រាន់តែផ្ទះឈើប្រក់ក្បឿង១ខ្នង មានទំហំ៧ម៉ែត្រ គុណនិង២០ម៉ែត្រ របស់ជនរងគ្រោះឈ្មោះ ទីវ បុរី ភេទប្រុសអាយុ៤៨ ត្រូវបានឆាបឆេះទាំងស្រុង ដោយមិនដឹងពីមូលហេតុ ។

លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលបន្ទុកអគ្គីភ័យ បានឱ្យដឹងថា ជាមួយនិងគ្រោះអគ្គីភ័យ គឺនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យធំៗចំនួន៣គ្រឿង និងប្រើប្រាស់ទឹកជាង២០ឡាន ក្នុងការជួយបាញ់សង្រ្គោះទប់ស្កាត់ កុំឱ្យឆេះរាលដាលដល់លំនៅដ្ឋានក្បែរខាង ។

លោកបានបន្តឱ្យដឹងថា លំនៅដ្ឋានរងគ្រោះដែលម្ចាស់ចាក់សោរទុកចោលនេះ គឺរងការឆាបឆេះ តែរយះពេលជាង១ម៉ោងប៉ុណ្ណោះ ក្នុងនោះសម្ភារៈជាច្រើននៅក្នុងផ្ទះត្រូវបានក្លាយជាចំនីភ្លើងទាំងស្រុង ដែលសរុបទឹកប្រាក់ប្រហែលជិត១០ម៉ឺនដុល្លារ ។

លោកបានបញ្ជាក់ឲ្យដឹងថា គ្រោះអគ្គីភ័យនេះ គឺនគរបាលមិនអាចសន្និដ្ឋានថា កើតឡើងបណ្តាលមកពីអ្វីឱ្យពិតប្រាកដនោះទេ ដោយនគរបាលជំនាញកំពុងតែស្រាវជ្រាវ រកមូលហេតុ ។ លើសពីនេះ គ្រោះអគ្គីភ័យនេះ ក៏ត្រូវបានគេចាត់ទុកថា បណ្តាលមកពីការធ្វេសប្រហេសរបស់ម្ចាស់ផ្ទះ ហើយលោកស្នងការរង ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យ ដែលអាចកើតឡើងនិងបណ្តាលឱ្យខូចខាត លំនៅដ្ឋាននិងសម្ភារៈមួយចំនួនទៀត ៕

 

Loading...