រវល់​ទៅ​ចំការ​ ភ្លើង​ឆេះ​ផ្ទះ​អស់​

​ខេត្ត​ត្បូងឃ្មុំៈ​ អគ្គិភ័យ​បាន​ឆាបឆេះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​មួយ​គ្រួសារ​ក្នុង​ខណៈ​ម្ចាស់ផ្ទះ​រវល់​ទៅ​ចំការ​។​ ប៉ុន្តែ​ហេតុការណ៍​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ ឬ​ភ្លើង​ឆេះ​រាលដាល​ទៅ​កាន់​ផ្ទះ​ពលរដ្ឋ​ក្បែរ​ខាង​នោះ​ឡើយ​។​

​ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ក្បាល​បឹង​សេះ​ ឃុំ​គរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​អ្នកស្រី​ឡែ​ន​ ហ៊ី​ អាយុ​៣៤​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ គ្រួសារ​របស់​អ្នកស្រី​បាន​នាំ​គ្នា​ទៅ​ចំការ​ ដោយ​ទុក​ឲ្យ​យាយ​ម្នាក់​អាយុ​៧៥​ឆ្នាំ​នៅ​ចាំផ្ទះ​ ។​ លុះ​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ ថ្ងៃ​ដដែល​ លំនៅ​ឋាន​របស់​គាត់​ក៏​ត្រូវ​ភើ្ល​ង​ឆាបឆេះ​ បណ្តាល​ឲ្យ​សម្ភារ​ និង​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​ក្នុងផ្ទះ​ខូចខាត​អស់​គ្មាន​សល់​។​

​ប្រភព​បន្ត​ថា​ នៅ​អំឡុង​ភ្លើង​ឆាបឆេះ​កើតឡើង​នោះ​ លោកយាយ​ដែល​នៅ​ចាំផ្ទះ​ គឺ​បាន​ទៅ​លេង​ផ្ទះ​អ្នក​ជិតខាង​ លុះ​ឃើញ​ផ្សែង​ហ៊ុយ​ឡើង​ទៅ​លើ​មេឃ​ទើប​ដឹងខ្លួន​ ហើយ​ក៏​មានការ​ផ្អើល​ឆោឡោ​តែ​ម្តង​ ។​ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់​មួយ​ដៃ​មួយ​ជើង​ដោយ​អ្នកខ្លះ​សាចទឹក​ អ្នកខ្លះ​ទៀត​បាច​ដីខ្សាច់​ដើម្បី​ពន្លត់ភ្លើង​នោះ​ដែរ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទប់ស្កាត់​អណ្តាតភ្លើង​ដ៏​ខ្លាំងក្លា​មួយ​នេះ​ដែល​ឆេះ​រហូត​ទាល់តែ​អស់​ផ្ទះ​មួយ​ខ្នង​នេះ​តែ​ម្តង​។​

​អ្នកស្រី​ម្ចាស់ផ្ទះ​រង​គ្រោះ​បញ្ជាក់​ថា​ លំនៅ​ឋាន​របស់​គាត់​មាន​ទំហំ​៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ​ សង់​អំពី​ឈើ​ប្រក់​ក្បឿង​។​ សម្ភារ​ដែល​ត្រូវ​ភ្លើង​ឆេះ​រួម​មានៈ​ ប្រាក់​ដុល្លារ​២​ពាន់​ដុល្លារ​ ។​ មាស​៥​ហ៊ុន​,​ ផ្លា​ក​ទី​ន​៤​ជី​ និង​សម្ភារ​ផ្សេងៗ​ទៀត​សរុប​ជិត​២​ម៉ឺន​ដុល្លារ​។​
​លោក​វរសេនីយ៍ត្រី​ ឡុ​ង​ សា​រិ​ន​ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ពិនិត្យ​ និង​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពុំ​មាន​ដាំ​ស្ល​អ្វី​ទេ​ គឺ​នៅ​ក្នុង​ចង្ក្រាន​គ្មាន​ភ្លើង​ឡើយ​។​ ករណី​នេះ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​៕​ ម៉ុ​ក​ ពន្លក​

IMG-20150225-WA0014
IMG-20150225-WA0015
IMG-20150225-WA0016

Loading...

Leave a Reply

Your email address will not be published. Required fields are marked *