រស់នៅក្នុងវត្ត នាំបក្ខពួកជិះឡានមកប្លន់គម្របកោដ្ឋមាសយកទៅបាត់

ក្រុមចោរមួយក្រុមដែលមានគ្នាប្រមាណ៥-៦នាក់ ដែលគេស្គាល់យ៉ាងច្បាស់ថា មានម្នាក់ធ្លាប់រស់នៅស្នាក់អាស្រ័យនៅក្នុងវត្ត បានធ្វើសកម្មភាពប្លន់យកគម្របកោដ្ឋមាស ដែលមានទម្ងន់១០តម្លឹងពីក្នុងព្រៃតុម្ភ ស្ថិតក្នុងឃុំព្រៃឃុំ ស្រុកទឹកឈូ យកទៅបាត់ កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី១១ ខែសីហា កន្លងទៅ។

បើតាមពុទ្ធបរិស័ទចំណុះជើងវត្ដបានឲ្យដឹងថា ក្រុមចោរទាំងនោះប្រើរថយន្ដ២គ្រឿងដោយ១គ្រឿងម៉ាកកាមរីបាឡែនពាក់ស្លាកលេខ ភ្នំពេញ 2U-6634 រីឯមួយគ្រឿងទៀតចតនៅខាងក្រៅខ្លោងទ្វារវត្ដមិនស្គាល់ម៉ាក។

ក្នុងចំណោមចោរ ទាំង៥-៦នាក់នោះមានម្នាក់ត្រូវបាន គេស្គាល់ថាឈ្មោះ ឯក ចន្ថា ដែលកាលពីដើមរស់នៅចេញចូលក្នុងវត្ដមួយនេះ។

ព្រះចៅអធិការវត្តព្រះនាម ជួប សុភាព បានសង្ឃដីការថា ព្រះអង្គបានស្គាល់ឈ្មោះ ឯក ចន្ថា ច្បាស់ណាស់ដែលជាបក្ខពួក ហើយភ្លាមនោះព្រះអង្គទូរស័ព្ទទៅជួបជនសង្ស័យ ឯក ចន្ថា តែឈ្មោះនេះបានឆ្លើយតបមកវិញថា ដោយសារខ្លួនត្រូវការរបស់នេះជាចាំបាច់ទើបធ្វើយ៉ាងដូច្នេះ។

បើតាមការបន្ថែមពីព្រះចៅអធិការវត្តកោដនោះមាន៥កំណាត់ធ្វើឡើងអំពីមាសសុទ្ធ មានទម្ងន់ជាង៣០តម្លឹងដាំពេជ្រគ្រាប់តូចៗ ចំនួន២០០គ្រាប់។ ហើយពេលនេះត្រូវក្រុមចោរ ប្លន់យក១កំណាត់មានទម្ងន់ជាង១០តម្លឹងគិតជាទឹកប្រាក់ជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ បើតាមលោកស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *