រាជធានី​ភ្នំពេញ​ជាទីក្រុងល្បែងរាលដាល​យ៉ាង​ពេញបន្ទុក

រហូតមកដល់​ពេលនេះ​ល្បែងស៊ីសង​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅតាម​បណ្ដា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ខណ្ឌចំការមន ខណ្ឌ​៧​មករា ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​ជាដើម ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ថ្មីៗ​នេះ​សមត្ថកិច្ច​ក្នុង​ខណ្ឌចំការមន ខណ្ឌដូនពេញ និង​ខណ្ឌ​ច្បារអំពៅ បង្ក្រាប​ហ្គេម​បាញ់​ត្រី​ជា​បន្តបន្ទាប់​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ប៉ុន្តែ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត មិនទាន់​ត្រូវបាន​បង្ក្រាប​នៅឡើយ​ទេ​។

ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​ទៀត​ដូចជា អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​បទល្មើស​ចែកចាយ​ជួញដូរ​គ្រឿងញៀន​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ ​នៅក្នុង​រាជធានី​ភ្នំពេញ​មួយរយៈ​កន្លងទៅនេះ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ហាក់ដូចជា មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។

ជាក់ស្ដែង​ក្នុង​មួយថ្ងៃៗ​សមត្ថកិច្ច​នៅក្នុង​រាជធានី​ភ្នំពេញ​បង្ក្រាប​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី ក៏ប៉ុន្តែ​អំពើចោរកម្ម​និង​បទ​ល្មើ​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ទន្ទឹមនឹងនេះ​សមត្ថកិច្ច​ក៏​បង្ក្រាប​ល្បែងស៊ីសង​ផ្សេងៗ​ជា​បន្តបន្ទាប់​ដូចជា​ក​ន្ទុ​យ​លេខ បៀ​អាប៉ោង​និង​បញ្ជល់មាន់ ជាដើម​ក៏ប៉ុន្តែ​ល្បែងស៊ីសង​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​តាម​បណ្ដា​ខណ្ឌ​មួយចំនួន​។

ជាការ​ពិត​តាម​បណ្ដា​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​ការ​រាលដាល​នៃ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅ​ខណ្ឌចំការមន ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌទួលគោក ជាដើម​ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​គ្មាន​ប្រសិទ្ធភាព​នៅឡើយ​។ ពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា ប៉ុន្មាន​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​ខណ្ឌចំការមន​បង្ក្រាប​ហ្គេម​បាញ់​ត្រី​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ក្នុង​សង្កាត់​ទំនប់ទឹក សង្កាត់​បឹងត្របែក សង្កាត់​បឹង​កេងកង​៣ សង្កាត់​ទួល​ទំពូង​១ និង​សង្កាត់​ទួល​ស្វាយព្រៃ​១ មិនទាន់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​នៅឡើយ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ខណ្ឌចំការមន រួមទាំង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន និង​លោក ព្រុំ សំខាន់ អភិបាលខណ្ឌ​ចំការមន ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ដូច្នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ព្រុំ សំខាន់ និង​លោក យិន សាន នោះទេ​។ ជាងនេះទៅទៀត​នៅក្នុង​ខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ច្បារអំពៅ ក៏មាន​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កើតឡើង​យ៉ាង​រាលដាល​ដែរ ដូច្នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​

លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរ​ជំរុញ​ឲ្យ​មន្ត្រីក្រោមឱវាទ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​ផង ​៕

 

Loading...