រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ២០០គ្រួសារ នៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ !

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បាននាំយកអំណោយសង្គ្រោះបន្ទាន់ «អំណោយមនុស្សធម៌» របស់រាជរដ្ឋាភិបាល មកឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះ ២០០គ្រួសារ កាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍ ម្សិលមិញនេះ នៅវត្តទួលឧត្តម ស្ថិតក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ។

ពិធីចែកអំណោយនោះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា និងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ,អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ អភិបាលរងខេត្ត ,ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុកត្បែងមានជ័យ និងប្រជាពលរដ្ឋ ២០០គ្រួសារ។

អភិបាលស្រុកត្បែងមានជ័យ លោក នុត សោភ័ណ្ឌ បានរាយការណ៍ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយពី រាជរដ្ឋាភិបាល តាមរយៈទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា រួមទាំងអាជ្ញាធរខេត្តព្រះវិហារ នៅក្នុងពេលនេះ ពលរដ្ឋទាំងនោះ មកពីឃុំចំនួន ៤ ក្នុងស្រុកត្បែងមានជ័យ មានចំនួន ២០០គ្រួសារ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ ១យួរ អាវ ១ និងថវិកា ២ម៉ឺនរៀល។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអភិក្រមទាំង ៥ ដ៏មានសារៈសំខាន់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ ដោយឡែក អ្នកសារព័ត៌មាន បានដឹងរួចមកហើយ ពីប្រសាសន៍ដ៏សំខាន់របស់ សម្តេចតេជោ «កុំបំភ្លៃការពិត កុំប្រឌិតរឿងដែលមិនសមហេតុសមផល» នេះជាវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានយ៉ាងពិតប្រាកដ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ប្រសិនបើមានជួបទុក្ខលំបាក និងមានការខ្វះខាតណាមួយ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត នឹងជួយពុកម៉ែ បងប្អូន តាមដែលអាចធ្វើទៅបាន ដោយមិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយអត់អាហារនោះឡើយ ស្របតាមការដឹកនាំ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា។

ទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចទាំងពីរ តែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ហើយអំណោយដែលនាំយកមកចែកជូនបងប្អូននៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល ដោយមានការចូលរួមពី ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ សាលាខេត្តព្រះវិហារ សមាគមន៍និស្សិតបញ្ញាវន្តក្មេងវត្ត និងសប្បុរសជនជាច្រើនទៀតផងដែរ។ លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានកសាងប្រទេស តាំងពីបាតដៃទទេស្អាត រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រីឯការរីចម្រើននោះ បានផ្តើមចេញពីកត្តាដែលប្រទេសជាតិ មានការផ្សះផ្សារជាតិ មានឯកភាពជាតិ រស់ក្រោមដំបូលរាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញា និងព្រះមហាក្សត្រ តែមួយ ពិសេស កត្តាសុខសន្តិភាព បានមកក្រោមការបង្រួបបង្រួមជាតិ និងក្រោមគោលនយោបាយឈ្នះឈ្នះ ជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ដែលគ្មានប្រទេសណាមួយអាចធ្វើបាននោះឡើយ។ លោកទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍តាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងការអនុវត្តន៍វិធានការរបស់ ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងគ្រួសារ និងសហគមន៍៕

Loading...