រាជរដ្ឋាភិបាល សម្រេចនិរាករណ៍លិខិតអនុញ្ញាត កាត់ដីមួយចំនួននៅបឹងតាមោក ដែលគ្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងនិរាករណ៍ការដោះដូរអគារមួយចំនួន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់យកដី១៥ហិកតា នៅបឹងតាមោក (បឹងកប់ស្រូវ) ដែលគ្រោងសាងសង់អគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ត្រឡប់មកវិញ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់សី រដ្ឋលេខាធិការប្រចាំ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

លិខិតរបស់ទីស្ដីគណៈរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «និរាករណ៍លិខិតលេខ៧៩០ សជណ.មឃ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ»។

ក្នុងលិខិតដដែលនោះ ទីស្ដីគណៈរដ្ឋមន្ដ្រី ក៏សម្រេចនិរាករណ៍សំណើសុំការអនុញ្ញាតដោះដូរទីតាំងអគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥.៣៣ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។
បន្ថែមពីនេះ ក៏និរាករណ៍សំណើសុំការអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្ដរាយ, អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន១៥ហិកតា ជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាជូនអង្គភាពទាំង៣វិញ ៕

Loading...