រាជរដ្ឋាភិបាល សម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈ ពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។
ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៖

សេចក្តីសម្រេច ស្តីពី

ការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូបីដ-១៩

រាជរដ្ឋាភិបាល

-បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ចុះថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

-បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

-បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី

-បានឃើញព្រះរាជក្រមលេខនស/រកម/០៣២១/០០៤ចុះថ្ងៃទី១១ ខែមីនាឆ្នាំ២០២១ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

-បានឃើញអនុក្រឹត្យលេខ៥៧អនក្រ.បកចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

-យោងតាមតម្រូវការចាំបាច់ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សម្រេច

ប្រការ១.ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នសម្រាប់រយៈពេល១៥(ដប់បួន)ថ្ងៃគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ដោយឡែកភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាលត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលទៅវិញទៅមកនេះទេ។

ការហាមឃាត់ការធ្វើដំណើរខាងលើត្រូវបានលើកលែងចំពោះ៖

-ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោកផ្លូវទឹកនិងផ្លូវដែក

-ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួនឯកសារបេសកកម្មនិងឯកសារពាក់ព័ន្ធផ្សេងទៀត

-ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួនដោយរួមទាំងការដឹកជញ្ជូនពលករដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក

-រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋនិងឯកជន

-រថយន្តពន្លត់អគ្គីភ័យ

-រថយន្តបម្រើសេវាដឹកជញ្ជូនសំរាមនិងកាកសំណល់

-ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាសដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឬមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

-ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់និងបន្ទាន់ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤(បួន)នាក់សម្រាប់ករណីនីមួយៗនិង

-ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រការ២.បិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នសម្រាប់រយៈពេល១៥(ដប់បួន)ថ្ងៃគិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩។

ប្រការ៣.គណៈអភិបាលរាជធានីខេត្តត្រូវបានប្រគល់ភារកិច្ចក្នុងការធានាការអនុវត្តវិធានការខាងលើឱ្យមានប្រសិទ្ធភាព។
គណៈអភិបាលរាជធានីខេត្តត្រូវបានប្រគល់សមត្ថកិច្ចក្នុងការសម្រេចដាក់ចេញវិធានការគ្រប់គ្រងរឹតត្បិតឬហាមឃាត់ការធ្វើដំណើរអនុលោមតាមគោលការណ៍ដូចមានចែងក្នុងប្រការ១ខាងលើនិងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានសម្រាប់ភូមិសាស្រ្តក្រុងស្រុកខណ្ឌឬឃុំសង្កាត់ឬភូមិឬទីកន្លែងណាមួយនៅក្នុងភូមិសាស្រ្តរាជធានីខេត្តរបស់ខ្លួនដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឬក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវ៥-១៩។

ក្នុងរយៈពេលពីរសប្តាហ៍នេះដែរគណៈអភិបាលរាជធានីខេត្តត្រូវចាត់វិធានការចាំបាច់នានាក្នុងភូមិសាស្រ្តរាជធានីខេត្តរបស់ខ្លួនសំដៅគ្រប់គ្រងនិងធានាសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរព្រមទាំងធានានូវការគោរពនិងអនុវត្តវិធានការសុខាភិបាលបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយម៉ត់ចត់និងខ្ជាប់ខ្ជួនអនុលោមតាមបទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានជាធរមាន
ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍និងការដឹកជញ្ជូនមនុស្សនិងទាំងនៅតាមទីតាំងសាធារណៈនានាពិសេសនៅតាមវត្តអារាមវិហាសាសនានិងទីតាំងផ្សេងទៀតដែលអាចមានសភាពអ៊ូអរនិងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។

គណៈអភិបាលរាជធានីខេត្តមានសិទ្ធិបង្កើតយន្តការចាំបាច់នានាដើម្បីតាមដានត្រួតពិនិត្យនិងអនុវត្តវិធានការទាំងឡាយខាងលើក្រោមសមត្ថកិច្ចរបស់ខ្លួន។

ប្រការ៤.រាល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិធានការរដ្ឋបាលនានាដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែលមានមុនពេលសេចក្តីសម្រេចនេះចូលជាធរមានហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។

ប្រការ៥.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។

ប្រការ៦.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រសួងការពារជាតិរដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

Loading...