រាស្ត្រជាង៦០គ្រួសារប្រឆាំងដីការក្សា ការពាររបស់លោក ហុក វ៉ាន់ធីណា ប្រធានតុលាការខេត្តកណ្តាល

ខេត្តកណ្តាល៖ ក៏ព្រោះតែអស់ជម្រើសត្រូវធ្វើ ទើបប្រជាពលរដ្ឋច្រើនជាង៦០គ្រួសារ មកពីភូមិពោធិក្រោម និងភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល សម្រេចលើកគ្នីគ្នាទៅលើកបដាតវ៉ានៅមុខសាលាដំបូងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ។

ប្រជាពលរដ្ឋបានលើកបណ្តាតវ៉ា ធ្វើឡើងប្រឆាំងនឹងដីការក្សារការពាររបស់លោក ហុក វ៉ាន់ធីណា ប្រធានតុលាការខេត្តកណ្តាល ដែលបានហាមឃាត់ប្រជាជន មិនឲ្យលក់ដូរ ជីក ឈូសឆាយ ជួល បញ្ចាំ ធ្វើអំណោយផ្ទេរសិទ្ធិ អាស្រ័យផល និងមិនឲ្យធ្វើអ្វីទាំងអស់ នៅលើដីទំហំ៧៣៣,៥៦៤ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ក្រោយការសម្រេច ដ៏ទាន់ហន់របស់លោក ហុក វ៉ាន់ធីណា ធ្វើឡើងតាមបណ្តឹងស្លន់ស្លោររបស់លោកឧកញ៉ាចូលចិត្តទិញតែបឹង និងដីលិចទឹក នៅខេត្តកណ្តាលឈ្មោះ ឈាង ប៉ាក់សួរ ពោលគឺបណ្តឹងរបស់ឧកញ៉ា ដាក់ចូលភ្លាម លោក ហុក វ៉ាន់ធីណា ចេញដីកាប្រហាររាស្ត្រ ជូនឧកញ៉ាតាមសំណើ ដូចគ្រោងទុកនោះ ។

ខណៈប្រជាពលរដ្ឋកំពុងតែលើកគ្នាតវ៉ាមុខតុលាការ ក៏មានសវនាការ ជំនុំជម្រះសំណុំរឿងដីធ្លីរ៉ាំរ៉ៃមួយនេះផងដែរ នៅក្នុងតុលាការ ដោយមានលោក គឹម រ័ត្នណារិន្ទ ជាចៅក្រម និងមានលោកស្រី ច្រេង សៀក អាយុ៥៤ឆ្នាំ មានទីលំនៅភូមិពោធិក្រោម ឃុំត្រើយស្លាជាមួយ និងមេធាវី ផេង សុីដេត ជាតំណាងប្រជាពលរដ្ឋទាំង២ភូមិ ជាភាគីកូនបំណុល ចំណែកមេធាវី តំណាងលោកឧកញ៉ា ឈាង ប៉ាក់សួរ ជាម្ចាស់បំណុល ប្រជាពលរដ្ឋបានលើកឡើងប្រាប់អ្នកសារព័ត៌មានថា កាលពីអំឡុងឆ្នាំ២០០៦ និងឆ្នាំ២០០៧ លោកស្រី ច្រេង សៀក បានប្រមូលទិញដីស្រែប្រាំងពីអ្នកភូមិទាំង ២ភូមិ បានទំហំ៧៣៣,៥៦៤ ម៉ែត្រក្រឡា។ បន្ទាប់មកលោកស្រី ច្រេង សៀក បានសុំអាជ្ញាធរឃុំ ស្រុក រហូតដល់ខេត្ត ដើម្បីជីកប្រឡាយមេនាំទឹកចូលស្រោចស្រប់ដីស្រែ ហើយដីទាំងនោះបានអនុញាតឲ្យប្រជាពលរដ្ដ្ឋ ដែលជាអតីតម្ចាស់ដីដើមធ្វើស្រែ បង្កបង្កើនផល ជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ក្នុងស្រុកស្អាង ខេត្តកណ្ដាល បាននាំតវ៉ា ខណៈព្រៃលិចទឹក និងបឹងធម្មជាតិ នៅក្នុងអតីតដែនឡូត៍នេសាទលេខ៣ ត្រូវបានក្រុមហ៊ុនរបស់លោកឧកញ៉ា ឈាង ប៉ាក់សួរ រំលោភយកធ្វើជាកម្មសិទ្ធិ ដោយការដុតបំផ្លាញព្រៃលិចទឹក និងឈូសឆាយយ៉ាងគគ្រឹកគគ្រេង ហាក់គ្មានកោតញញើតអាជ្ញាធរអ្វីបន្តិចសោះឡើយ។ ពួកគាត់បាននិយាយថា អ្វីដែលពួកគាត់ព្រួយបារម្ភនោះ គឺខ្លាចបាត់បង់បឹងបួ និងព្រៃលិចទឹក ដែលជាទីជម្រកត្រីពងកូន ព្រោះក្រុមហ៊ុនរបស់លោកឧកញ៉ា ឈាង ប៉ាក់សួរ កាយលើកទំនប់យ៉ាងធំខ្ពស់ ដើម្បីកំណត់ព្រំប្រទល់ ហើយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅនេសាទបានទៀតឡើយ ។ ពួកគាត់ក៏បានលើកឡើងដែរ រដ្ឋាភិបាលបានកាត់ឡូត៍នេសាទឲ្យប្រជាពលរដ្ឋប្រកបរបររកស៊ីជាលក្ខណៈគ្រួសារ តែឥឡូវឈ្មួញនាំគ្នាហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិអស់ហើយ និងមិនឲ្យប្រជាពលរដ្ឋចូលនេសាទតាមបឹង ប្រឡាយ ដែលពួកគេអះអាងថា ជាដីរបស់ពួកគេថែមទៀតផង ហើយសូម្បីតែប្រជាពលរដ្ឋធ្លាប់ប្រកបរបរធ្វើចម្ការនៅក្បែរមាត់បឹងរាប់សិបឆ្នាំមកហើយនោះ ក៏គេលែងឲ្យចូលទៅដែរ។

ប្រជាពលរដ្ឋក៏បានបញ្ជាក់ដែរថា មេការក្រុមហ៊ុនធ្លាប់គំរាមចាប់ពួកគាត់ដាក់គុក ដូច្នេះ ពួកគាត់មានតែអំពាវនាវទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយពិនិត្យ និងអន្តរាគមន៍ផង បើមិនដូច្នោះទេ ប្រជាពលរដ្ឋប្រាកដជាបាត់បង់អាជីពជាក់ជាមិនខាន៕

Loading...