រាំធុងបាស់ក្នុងពិធីបុណ្យភូមិបែរជាបង្កហិង្សាត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនសួរនាំ ខណៈមានពាក្យបណ្តឹងថា បានបង្កហិង្សាទៅលើអ្នកដទៃបណ្តាលឲ្យមានរបួសស្នាមលើរាងកាយជាទម្ងន់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ ជួន ឡោណាំង អាយុ៤៦ឆ្នាំ រស់នៅភូមិអំពៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ប្រភពពីស្ត្រីដដែលនេះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២៣និង៤៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ឈ្មោះហៀង វាសនា បានយកដែកកែច្នៃ កាប់ទៅលើកូនរបស់គាត់(ជូន ឡោណាំង) ឈ្មោះថាវ សុឃឿន ភេទប្រុស អាយុ២២ឆ្នាំ បណ្តាលឲ្យរងរបួស ក្បាលផ្នែកខាងឆ្វេង និងដៃខាងឆ្វេង នៅក្នុងពីធីរាំវង់បុណ្យភូមិ(ដាបាទលាន) ស្ថិតក្នុងភូមិអំពៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ករណីខាងលើនេះ សមត្ថកិច្ចបានអន្តរាគមន៍ហៅ ឈ្មោះហៀង វាសនា មកសាកសួរ ហើយឈ្មោះហៀង វាសនា បាននិយាយថា រូបគេពិតជាបានយកដែកកែច្នៃកាប់ទៅលើឈ្មោះថាវ សុឃឿន ពិតប្រាកដមែន ៕ មណ្ឌលច្បារមន

Loading...