រឹបអូសសង្ស័យគ្រឿងញៀនជិត ៥០គីឡូក្រាមនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញបានបង្ក្រាបនិងរឹបអូសសង្ស័យគ្រឿងញៀនជិត 50 គីឡូក្រាមនៅរាជធានីភ្នំពេញ ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទី កម្លាំងជំនាញ(ក១០)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្សសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុចក្បែរស្ថានីប្រេងឥន្ទ: តូតាល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនជនសង្ស័យ ០១នាក់:ឈ្មោះ ប៉ាន់ ប៉េរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងចាប់យកវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE) ២កញ្ចប់តូច ទម្ងន់ប្រមាណ១០០ក្រាម។

ប្រភពពីកម្លាំងចុះអនុវត្តផ្ទាល់បានឲ្យដឹងថា បន្ទាប់មកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោងប្រហែល១២:៥នាទី កម្លាំងសមត្ថកិច្ចបានបន្តទៅឆែកឆេរបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងរក្សាទុកគ្រឿងញៀនរកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់ ៤៧៧៨០.៨៧ក្រាម អ៊ិចស្តាស៊ី(MDMA) ៣០២.៨១ក្រាម, នីមេតាហ្សេប៉ាម៧៧.០៤ក្រាម វត្ថុតាងចាប់យកសរុបរួម៖ ទម្ងន់ ៤៨១៦០,៥៤ក្រាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕

 

 

Loading...