រុន រ័ត្នវាសនា ត្រូវមន្ត្រីក្រោមឱវាទប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ ៖ លោកឧត្តមសនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ ត្រូវបានមន្ត្រីក្រោមឱវាទប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការអនុវត្តភារកិច្ច និងអំពើពុករលួយមួយចំនួន ។

អង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលពាក្យបណ្តឹងប្តឹងលោកឧត្តមសនីយ៍ឯក រុន រ័ត្នវាសនា ពីភាពមិនប្រក្រតីក្នុងការអនុវត្តន៍ភារកិច្ចចំនួន៦ចំណុច រួមមានៈ

១.មិនគោរពតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់នាយកដ្ឋាន ពិសេសគឺមិនគោរពទៅតាមឋានុក្រមការងារ ជាទូទៅលិខិតស្នាមត្រូវឆ្លងកាត់ រដ្ឋបាល ប៉ុន្តែជាជាក់ស្តែងគឺអនុវត្តផ្ទុយស្រឡះ ដូចជាឯកសារសុំផ្តល់លេខរថយន្តនគរបាល ពេលឯកសារចូលដាក់ឆ្លងកាត់រដ្ឋបាល នៅពេលលទ្ធផលសម្រេចគឺទៅទទួលយកពីការិយាល័យជំនាញផ្ទាល់,

២. នៅតាមគោលដៅការិយាល័យជំនាញ និងតាមគោលដៅប្រមូលលុយពីការផាកពិន័យបទល្មើសចរាចរណ៍តាមផ្លូវជាតិ ប្រធានក្រុមគោលដៅ គឺសុទ្ធតែជាបក្ខពួករបស់ខ្លួន,

៣. យករថយន្ត MAZDA ពីរបាំង ដែលពន្ធនាំចូលជាបន្ទុករបស់រដ្ឋ មកបំពាក់ស្លាកលេខនគរបាល ហើយប្រកាសលក់ក្នុងតម្លៃ ៣២.០០០ដុល្លារ (អាចបង់ផ្តាច់ ឬបង់រំលោះ),

៤. យករថយន្តស្តារិកមួយគ្រឿងបិទស្កុត LOGO POLICE បំពាក់ស្លាកលេខ នគរបាលមកធ្វើជារថយន្តល្បាត នៅពេលមានប្រតិកម្មភ្ញាក់ផ្អើល ទើបយករថយន្ត MAZDA ពីរបាំងចំនួន១២គ្រឿង ប្រើប្រាស់ជារថយន្តល្បាត និងថតធ្វើសន្និសីទព័ត៌មាន,

៥. ប្រាក់ជំនាញរបស់នាយកដ្ឋានក្នុងមួយខែចំនួន ៣.០០០.០០រៀល ដែលបើកមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រាក់អប្បហារ១០ភាគរយ បានមកពីការពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ខេត្ត-ក្រុងមិនដឹងយកទៅចំណាយលើអ្វីខ្លះ?

និង៦. មិនទាន់បើកប្រាក់បេសកកម្មអង្គរសង្ក្រានសម្រាប់ឆ្នាំ២០១៥ ជូនមន្ត្រីនគរបាលជាង ១០០នាក់ ប៉ុន្តែតាមព័ត៌មានឲ្យដឹងថា គណនេយ្យបានរត់ការបើកប្រាក់បេសកកម្មនោះ បានតាំងពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ម្ល៉េះ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលការបំភឺ្លពី លោកឧត្តមសនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដូចតទៅៈ

១. រាល់លិខិតស្នាមឯកសារដែលមានចំណារពីអគ្គស្នងការរងទទួលផែន ឬប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ មកដល់ដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តែងតែចូលការិយាល័យរដ្ឋបាលសរុប ហើយសុទ្ធតែធ្វើកំណត់បង្ហាញ ។ រាល់លិខិតបទដ្ឋាន សុទ្ធតែចូលការិយាល័យរដ្ឋបាលសរុប ដើម្បីធ្វើកំណត់បង្ហាញទាំងអស់ទៅតាមឋានុក្រមនិងទៅតាមជំនាញការិយាល័យសុទ្ធសាធ (អ្នកចុះបញ្ជី និងអ្នកផ្តល់ប័ណ្ណសម្គាល់) ។

២. ប្រធានគោលដៅនីមួយៗគឺអនុវត្តទៅតាមសេចក្តីសម្រេចលេខៈ ០០៧១៦ គ.ស.ច ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដោយសម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ គាត់ (រុន រ័ត្នវាសនា) គ្មានបង គ្មានប្អូន ឬសាច់ញាតិនោះទេ ហើយមន្ត្រីដែលអនុវត្តគឺជាមន្ត្រីដែលបម្រើការងាររបស់នាយកដ្ឋានទាំងអស់។

៣. រថយន្ត MAZDA ទាំងអស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបាននាំចូលពន្ធជាបន្ទុករដ្ឋ ។ ប៉ុន្តែអគ្គស្នងការដ្ឋាននគរបាលជាតិឬអង្គភាពផ្សេងៗទៀត ដែលចង់ប្រើប្រាស់ត្រូវយកប្រាក់ទៅទិញរថយន្តនោះពីក្រុមហ៊ុន MAZDA មិនមែនគាត់(រុន រ័ត្នវាសនា) ជាអ្នកលក់នោះទេ និងមិនមានថ្លៃសេវារដ្ឋបាលដឹកជញ្ជូនផ្សេងៗទៀត (ទាល់តែយកប្រាក់ទៅទិញពីក្រុមហ៊ុន MAZDA ទើបបានរថយន្តមកប្រើ) ។

៤.នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ គ្មានរថយន្តស្តារិកបិទស្កុត LOGO POLICE នោះទេ មានតែរថយន្តម៉ាក MAZDA និង HYUNDIA សម្រាប់ល្បាតនិងដឹកជញ្ជូនមន្ត្រីក្នុងការបំពេញការងារប៉ុណ្ណោះ ។

៥.ប្រាក់ជំនាញរបស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមួយខែចំនួនបីលានរៀល ដែលបើកមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់បម្រើកិច្ចការងាររដ្ឋបាលរបស់នាយកដ្ឋាននិងសម្រាប់មន្ត្រីចុះបេសកកម្ម មន្ត្រីចុះបំពេញភារកិច្ចតាមបណ្តាខេត្តផ្សេងៗ និងប្រាក់រង្វាន់១០ភាគរយបានមកពីការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក គឺចំណាយប្រើប្រាស់ក្នុងការងារពង្រឹងយន្តការអង្គភាព និងឧបត្ថម្ភមន្ត្រីដោយឈរលើគោលការណ៍សមធម៌ និងផ្អែកលើគុណសម្បត្តិការងារ ដោយមានផ្នែកគណនេយ្យជាអ្នកគ្រប់គ្រង និងមានអគ្គនាយកដ្ឋានសវនកម្ម របស់ក្រសួងមហាផ្ទៃ ជាអ្នកត្រួតពិនិត្យរាល់ចំណាយចំណូលឬរបស់នាយកដ្ឋានថែមទៀត។

៦. ប្រាក់បេសកកម្មអង្គរសង្ក្រាន្តសម្រាប់ឆ្នាំ២០១៥ គឺបានបើកជូនមន្ត្រីរួចរាល់អស់ហើយគឺមាន ឯកសារចុះហត្ថលខាទទួលប្រាក់របស់មន្ត្រីម្នាក់ៗត្រឹមត្រូវ ។ ករណីយឺតយ៉ាវមិនទាន់បានបើកនោះ គឺដោយសារតែឯកសាររដ្ឋបាលរបស់មន្ត្រីបំពេញបេសកកម្មមិនទាន់គ្រប់គ្រាន់ ហើយគាត់ (រុន រ័ត្នវាសនា) ក៏ទើបតែទទួលដំណឹងពីប្រាក់បេសកកម្មអង្គរសង្ក្រាន្តពីមន្ត្រីជំនាញគណនេយ្យនេះផងដែរ ៕

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *