រុស្ស៉ីប្រកាសគាំទ្របេក្ខភាពកម្ពុជា ចំពោះការចរចាចូលទៅទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 

(ភ្នំពេញ)៖រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះព្រះរាជាណាចក្រកម្ពុជា ចំពោះការចរចារចូលទៅក្នុងទីផ្សារថ្មីមួយឈ្មោះថា «សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដើម្បីឲ្យកម្ពុជាមានលទ្ធផលទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មរបស់ខ្លួនឡើងវិញទៅក្រៅប្រទេសតាមរយៈការធ្វើពាណិជ្ជកម្ម ជាមួយសម្ព័ន្ធមួយនេះដោយងាយស្រួល ។

បើតាមការថ្លែងឲ្យដឹង របស់លោក ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិការអន្តរជាតិប្រាប់ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប រវាងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជាជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី០១ ខែតុលាឆ្នាំ២០២០នេះនៅទីស្តីការក្រសួង ។

 

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា មានចំណុចសំខាន់មួយដែរ ពាក់ព័ន្ធនឹងការជំរុញការវិនិយោគ និងការពង្រីកទីផ្សារ និងការចូលទៅទីផ្សារថ្មី រុស្ស៉ីតាមរយៈលោកទូតបានបង្ហាញជំហរច្បាស់លាស់ថា រុស្ស៉ីគាំទ្រឲ្យកម្ពុជាចូលចរចា ក្នុងសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលក្នុងហ្នឹងរុស្ស៉ីជាតួអង្គចម្បង ហើយរុស្ស៉ីគាំទ្រកម្ពុជាដើម្បីឲ្យបានចូលក្នុងហ្នឹង ដែលគេហៅថា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយរុស្ស៉ីបានសន្យាជួយគាំទ្រកម្ពុជា ។

 

ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រមុខការទូតនៃកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសរុស្ស៉ី ចំពោះជំហរគាំទ្របេក្ខភាពកម្ពុជា គ្រប់កាលៈទេសៈទាំងលើឆាកតំបន់និងអន្តរជាតិ ពិសេសតាមរយៈបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ដែលត្រូវបានតែងតាំង ប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្ដីចាត់ទុកថា ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែបានប្រសើរថែមមួយកម្រិតទៀត ហើយក្រសួងការបរទេសកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រួលការងាររបស់ឯកអគ្គរដ្ឋទូត ដើម្បីធ្វើឲ្យបេសកកម្មនេះទទួលបានភាពជោគជ័យប្រកបដោយផ្លែផ្កា ៕

 

Loading...