រុស្ស៊ីចុះកិច្ចព្រមព្រៀងបន្ថែមទៀតជាមួយឥណ្ឌាដើម្បីផលិតវ៉ាក់សាំង Sputnik V ចំនួន៣០០លានដូស

មន្ត្រីរុស្ស៊ីម្នាក់ត្រូវបានគេដកស្រង់សម្តីថា ប្រទេសឥណ្ឌានឹងផលិតវ៉ាក់សាំងការពារវីរុសកូវីដ-១៩ឈ្មោះ Sputnik V របស់រុស្ស៊ីមានចំនួន៣០០លានដូសនៅឆ្នាំក្រោយដែលជិត៣ដងនៃចំនួនក្នុងកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនផលិតបន្ថែមទៀត។

ស្ថានទូតរបស់រុស្ស៊ីនៅទីក្រុងញូវដែលីបាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺកាលពីថ្ងៃសុក្រទី១៨ ធ្នូថា ប្រទេសរុស្ស៊ីកំពុងធ្វើតេស្តគំរូលើវ៉ាក់សាំង Sputnik V ដែលផលិតនៅប្រទេសឥណ្ឌារួចហើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឱ្យដឹងថា នៅក្នុងប្រទេសឥណ្ឌាមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតធំៗចំនួន៤ ហើយឥណ្ឌានឹងផលិតវ៉ាក់សាំងប្រហែល៣០០លានដូសឬច្រើនជាងនេះសម្រាប់យើងនៅឆ្នាំក្រោយ។

ប្រទេសឥណ្ឌាគឺជាប្រទេសផលិតឱសថធំជាងគេបំផុតនៅលើពិភពលោក ហើយឧស្សាហកម្មឱសថរបស់ខ្លួនកំពុងបង្កើនសមត្ថភាព និងបង្កើនការវិនិយោគនៅមុនពេលការប្រញាប់ប្រញាលសម្រាប់ការចាក់ថ្នាំបង្ការវីរុសកូវីដ-១៩ ។

ក្រុមហ៊ុន Hetero Biopharma របស់ប្រទេសឥណ្ឌាបានប្រកាសរួចហើយនូវកិច្ចព្រមព្រៀងជាមួយស្ថាប័នឱសថរបស់រុស្ស៊ី RDIF ដើម្បីផលិតថ្នាំ Sputnik V ចំនួន១០០លានដូសដែលប្រសិទ្ធភាពរបស់វាត្រូវបានគេរកឃើញថាមានច្រើនជាង៩១ភាគរយនៃការសាកល្បងដែលធ្វើឡើងនៅខាងក្រៅប្រទេសឥណ្ឌា។

មន្ត្រីឥណ្ឌាបាននិយាយថា ពួកគេអាចអនុម័តវ៉ាក់សាំងមួយចំនួនសម្រាប់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ រហូតមកដល់ពេលនេះមានតែវ៉ាក់សាំងចំនួន៣ប៉ុណ្ណោះគឺ Oxford-AstraZeneca, Pfizer-BioNTech និងក្រុមហ៊ុនឱសថឥណ្ឌា Bharat Biotech បានដាក់ពាក្យស្នើសុំការយល់ព្រមជាបន្ទាន់។

គួរបញ្ជាក់ថា ឥណ្ឌាបច្ចុប្បន្នមានអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន២២.៨៩០នាក់ ដែលធ្វើឲ្យអ្នកឆ្លងទូទាំងប្រទេសកើនជាង១០លាននាក់។ ឥណ្ឌាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានកំណត់ត្រាចំនួនឆ្លងកូវីដ-១៩ដល់ទៅ១៦,៩លានករណី។ អ្នកស្លាប់ថ្មីដោយសារកូវីដ-១៩នៅឥណ្ឌាបានកើនឡើងដល់៣៣៨នាក់ ដែលសរុបនៃការស្លាប់មានរហូតដល់១៤៤.៧៨៩នាក់នៅទូទាំងប្រទេស ៕

Loading...