រុ​ស្ស៊ី​ច្រាន​ចោលការ​ព្រួយបារម្ភ​របស់​អា​មេ​រិ​កលើ​ការ​ប្រើ​បន្ទាយ​អាកាស​វៀតណាម​

​រុ​ស្ស៊ី​បាន​ច្រាន​ចោលការ​ព្រួយបារម្ភ​របស់​អា​មេ​រិ​ក​ទាក់ទង​ជាមួយ​ការ​ប្រើប្រាស់​អតីត​ដែនអាកាស​របស់​អា​មេ​រិ​ក​ក្នុង​ប្រទេស​វៀតណាម​ បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​បាន​ចូល​ចាក់​ប្រេង​នៅ​ទីនោះ​ និង​ហោះ​ក្រវែល​ជុំវិញ​ដែន​អធិបតេយ្យ​អា​មេ​រិ​ក​នៅ​ប៉ា​ស៊ី​ហ្វិ​ក​។​ រុ​ស្ស៊ី​បាន​ច្រាន​ចោលការ​អត្ថាធិប្បាយ​ថ្មីៗ​នេះ​របស់​អា​មេ​រិ​ក​ ដោយ​បញ្ជាក់​ថា​ ជា​រឿង​«​ចម្លែក​»​ និង​គួរ​ឲ្យ​«​ឆ្ងល់​»​។​

​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា​ អា​មេ​រិ​កបាន​ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​ការ​ អនុញ្ញាត​ឲ្យ​រុ​ស្ស៊ី​ចូល​ប្រើប្រាស់​បន្ទាយ​អាកាស​ Cam​ Ranh​ របស់​វៀតណាម​សម្រាប់​ចាក់​ប្រេង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​ជា​ការ​បង្ហាញ​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នោះ​។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា​ «​វា​គួរ​ឲ្យ​ចម្លែក​ខ្លាំង​ណាស់​ដែល​បានឮ​សេចក្តី​ថ្លែង​បែប​នេះ​ពី​តំណាង​ប្រទេស​មួយ​នោះ​ដែល​មាន​កម្លាំងប្រដាប់អាវុធ​ឈរជើង​ជា​អចិន្ត្រៃយ៍​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​ដែល​បាន​បង្កើន​កម្រិត​នៃ​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​រួច​ទៅ​ហើយ​នោះ​»​។​

​ប្រភព​បញ្ជាក់​ថា​ សេចក្តីថ្លែងការណ៍​របស់​អា​មេ​រិ​ក​ដែល​ថា​ ការ​ចូល​ចាក់​ប្រេង​របស់​យន្តហោះ​ទម្លាក់​គ្រាប់​រុ​ស្ស៊ី​នៅ​ដែនអាកាស​វៀតណាម​នាំ​ឲ្យ​ស្ថានការណ៍​សន្តិសុខ​តានតឹង​នៅ​ក្នុង​តំបន់​នោះ​ថា​ ជា​រឿង​«​គួរ​ឲ្យ​ឆ្ងល់​»​។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​បញ្ជាក់​ទៀត​ថា​ សកម្មភាព​កម្លាំង​ជើង​អាកាស​រុ​ស្ស៊ី​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម​ គឺ​អនុវត្ត​តាម​បទដ្ឋាន​អន្តរជាតិ​ និង​តាម​កិច្ចព្រមព្រៀង​ជា​ឧភតោភាគី​ មិនមែន​ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ទៅ​លើ​នរណា​ម្នាក់​ ទៅ​លើ​អ្វីមួយ​ ហើយ​និង​មិនមែន​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នោះ​ឡើយ​។​

​អគ្គមេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​ប្រចាំ​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ Vincent​ Brooks​ បាន​ថ្លែងប្រាប់​ប្រភព​ព័ត៌មាន​រ៉​យ​ទ័​រថា​ កាលពី​ស​ប្តា​ហ៍​មុន​ យន្តហោះ​ជា​ច្រើន​គ្រឿង​បាន​ហោះហើរ​ជា​លក្ខណៈ​បង្ករឿង​ ដោយ​ក្នុង​នោះ​បាន​ហោះហើរ​នៅ​ជុំវិញ​បន្ទាយ​អាកាស​ Guam​ របស់​កងទ័ព​អា​មេ​រិ​ក​ ដែល​ស្ថិត​នៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​ ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ យន្តហោះ​ដឹក​ប្រេង​រុ​ស្ស៊ី​ Il-78​ ដែល​ធ្លាប់​ប្រើ​ ប្រាស់​បន្ទាយ​ Cam​ Ranh​ Bay​ កាលពី​ឆ្នាំ​២០១៤​នោះ​គឺ​បាន​ចូល​ចាក់​ប្រេង​ឲ្យ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ TU-95​ ។​ សេចក្តីរាយការណ៍​ពី​សកម្មភាព​នេះ​ក៏​មាន​ច្រើន​ផង​ដែរ​នៅ​លើ​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​។​

​កាលពី​ថ្ងៃ​១២​ ខែមីនា​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោកស្រី​ Jen​ Psaki​ បាន​ថ្លែង​ថា​ អា​មេ​រិ​ក​មិន​ចង់​ឲ្យ​រុ​ស្ស៊ី​ ចូល​ប្រើប្រាស់​ស្ថានីយ​អាកាស​ Cam​ Ranh​ Bay​ នោះ​ឡើយ​។​ ក្នុង​បទ​សង្ខេប​ព័ត៌មាន​ជា​ប្រចាំ​ លោកស្រី​បញ្ជាក់​ថា​ «​យើង​បាន​ជំរុញ​ឲ្យ​មន្ត្រី​វៀតណាម​ត្រូវ​តែ​ធានា​ប្រាកដ​ថា​ រុ​ស្ស៊ី​នឹង​មិន​អាច​ចូល​ប្រើប្រាស់​ស្ថានីយ​អាកាស​នេះ​ទៀត​ទេ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្ថានការណ៍​តានតឹង​នៅ​ក្នុង​តំបន់​»​។​

​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​បាន​ដកស្រង់​ប្រភព​ពី​ស្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ទីក្រុង​ហាណូយ​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ថា​ សំណើ​របស់​អា​មេ​រិ​ក​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ត្រី​វៀតណាម​កាលពី​ស​ប្តា​ហ៍​មុន​រួច​ហើយ​ ហើយ​ថា​លោកស្រី​មិន​ទាន់​ដឹង​ពី​ការ​ឆ្លើយ​តប​បែប​ណា​នៅឡើយ​ពី​រដ្ឋាភិបាល​វៀតណាម​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ Tass​ របស់​រុ​ស្ស៊ី​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​លោក​ Konstantin​ Vnukov​ ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​នៅ​វៀតណាម​បញ្ជាក់​ថា​ វៀតណាម​ និង​រុ​ស្ស៊ី​ជា​ប្រទេស​មាន​ដែន​អធិបតេយ្យ​ឯករាជ្យ​ ដែល​«​មិន​ត្រូវការ​ ការ​ផ្តល់​អនុសាសន៍​ ឬ​ការ​ណែនាំ​ពី​នរណា​ម្នាក់​នោះ​ឡើយ​ យើង​មិន​ត្រូវការ​ចង់​ស្តាប់​»​។​

​រុ​ស្ស៊ី​ និង​វៀតណាម​ជា​សម្ពន្ធមិត្ត​ជាមួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយ​ ហើយ​ទីក្រុង​មូ​ស្គូ​ជា​អ្នកគាំទ្រ​យ៉ាង​សំខាន់​ដល់ទី​ក្រុង​ហាណូយ​ក្នុង​សង្គ្រាម​ប្រឆាំង​អា​មេ​រិ​ក​កាលពី​ចុងឆ្នាំ​១៩៧៥​។​

​ប៉ុន្តែ​វិវាទ​នៅ​ពេល​នេះ​បាន​កើតឡើង​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ នឹង​វៀតណាម​កំពុង​តែ​មាន​ភាព​កក់ក្តៅ​បន្តិច​ម្តងៗ​ ជា​ពិសេស​ក្នុង​ទំនាក់ទំនង​សន្តិសុខ​ បន្ទាប់​ពី​ការ​ព្រួយបារម្ភ​ទៅ​លើ​ប្រទេស​ចិន​ដែល​បង្កើន​កម្លាំងយោធា​ ក៏​ដូច​ជា​ការ​គំរាមកំហែង​ដណ្តើម​ឥទ្ធិពល​លើ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នោះ​។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ភ្ជាប់​ និង​ចាត់​ទុក​ថា​ ឈូង​សមុទ្រ​ Cam​ Ranh​ Bay​ នោះ​ថា​ជា​ យុទ្ធសាស្ត្រ​សំខាន់​របស់​ខ្លួន​ប្រចាំ​នៅ​អាស៊ី​ដើម្បី​ប្រឆាំង​ឥទ្ធិពល​របស់​ចិន​ ។​ នាវា​របស់​អា​មេ​រិ​កបាន​ចូល​ទៅ​កាន់​ទីនោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ដើម្បី​ជួសជុល​ឡើង​វិញ​។​
​មន្ត្រី​អា​មេ​រិ​កបាន​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ មិន​ហ៊ាន​រិះគន់​វៀតណាម​ទៅ​លើ​ការ​ហោះហើរ​របស់​រុ​ស្ស៊ី​នោះ​ទេ​ ដោយ​បញ្ជាក់​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​គោរព​សិទ្ធិ​ទីក្រុង​ហាណូយ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ដទៃ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ បាន​បញ្ជាក់​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ មិន​បានឃើញ​ ទំនាក់ទំនង​រវាង​វៀតណាម​ នឹង​រុ​ស្ស៊ី​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ ឬ​ចុះ​ខ្សោយ​ទំនាក់ទំនង​រវាង​ទីក្រុង​ហាណូយ​ នឹង​អា​មេ​រិ​ក​នោះ​ទេ​ ៕​ ថា​ច់​ សុមេធ


Loading...

Leave a Reply

Your email address will not be published. Required fields are marked *