រូបភាពចាប់បានពីផ្ការណបបង្ហាញឲ្យឃើញថា ទីតាំងបេតិកភ័ណ្ឌពិភពលោករបស់ស៊ីរីរងការបំផ្លាញពីក្រុមរដ្ឋអិស្លាម

អង្គការសហប្រជាជាតិបានបញ្ជាក់ថា រូបភាពចាប់បានពីផ្កាយរណបបានបង្ហាញឲ្យឃើញថា ទីតាំងព្រះវិហារ Bel ដែលជាសាងសង់តាំងពីសម័យរ៉ូមាំងរបស់ស៊ីរី ឬហៅថា Palmyra នោះទទួលរងការបំផ្លិចបំផ្លាញ បន្ទាប់ពីទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមរដ្ឋអិស្លាម ។

ការប្រៀបធៀបនេះត្រូវបានធ្វើឡើងដោយរូបភាពនាពេលបច្ចុប្បន្ន និងរូបភាពកាលពីមុនរបស់អង្គការ យូណីតារ(UNITAR) មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ។ ទីភ្នាក់ងារនេះបានបញ្ជាក់ប្រាប់រ៉យទ័រតាមរយៈសារអេឡិចត្រូនិកថា យើងសូមបញ្ជាក់អះអាងថា ពិតជាមានការបំផ្លិចបំផ្លាញទម្រង់ប្រាសាទនោះមែន ។

ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសក៏បានលើកឡើងកាលពីថ្ងៃទី៣១ ខែសីហា កន្លងមកនេះដែរថា ក្រុមរដ្ឋអិស្លាមបានបំផ្លាញផ្នែកខ្លះនៃប្រាសាទដែលមានវ័យចំណាស់ជាង២ពាន់ឆ្នាំនោះ ។

ទីតាំងដែលចាត់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកខាងលើនេះបានធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ក្រុមរដ្ឋអិស្លាម បន្ទាប់ពីមានការប្រយុទ្ធគ្នាជាមួយកងទ័ពរដ្ឋាភិបាលស៊ីរី ហើយកងទ័ពរដ្ឋាភិបាលស៊ីរីបានចុះចាញ់ក្រុមរដ្ឋអិស្លាមនោះ ។

ក្រុមរដ្ឋអិស្លាមបានប្រកាសទៅជារដ្ឋកាលីផេត នូវទឹកដីទាំងឡាយដែលពួកគេវាយដណ្តើមបានទាំងនៅក្នុងទឹកដីស៊ីរី និងទាំងនៅទឹកដីអ៊ីរ៉ាក់ ។ ពួកគេបានបំផ្លាញបំផ្លាញសម្បតិ្តវប្បធម៌មនុស្សជាតិដែលបានបន្សល់ទុកមកជាច្រើនជំនាន់មកហើយនោះ ដូចជានៅតាមសារមន្ទីរ ក៏ដូចនៅតាមប្រសាទបុរាណដទៃផ្សេងៗទៀតផងដែរ ។

អង្គការយូណេស្កូបានហៅទង្វើរបស់ក្រុមរដ្ឋអិស្លាមបែបនេះថាទង្វើឧក្រិដ្ឋកម្មសង្គ្រាម ហើយថា ក្រុមរដ្ឋអិស្លាមកំពុងលុបបំបាត់សម្បត្តិភេតិកភណ្ឌផ្សេងៗរបស់ស៊ីរី ។ នៅមុនពេលទីតាំងខាងលើធ្លាក់ចូលក្នុងកណ្តាប់ដៃក្រុមរដ្ឋអិស្លាម អាជ្ញាធរស៊ីរីបានអះអាងថា រូបសំណាក់សំខាន់ៗរាប់រយត្រូវបញ្ជូនទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព ។

ប្រធានក្រុមបុរាណវិទ្យាស៊ីរីបានបញ្ជាក់ថា កាលពីខែមុននេះ ក្រុមរដ្ឋអិស្លាមបានកាត់ក្បាលអ្នកថែរក្សាទីតាំងប្រសាទ Palmyra ដែលកំពុងរងការបំផ្លាញនោះម្នាក់ឈ្មោះ Khaled al-Asaad អាយុ៨២ឆ្នាំ ជាជនជាតិស៊ីរី ។ លោកជាអ្នកមើលថែប្រាសាទនេះអស់រយៈពេលប្រមាណ៤ទសវត្សរ៍កន្លងមកហើយ ៕

palmyra-temple

palmyra destroy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *