រើសបានលុយ១០មុឺនដុល្លាប្រគល់អោយម្ចាស់គេវិញ 

ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​បើក​លុយ​នៅ​ធនាគារ​ចំនួន​១០​ម៉ឺន​ដុល្លារ​បាន​ជិះ​ជែង​រថយន្ត​មួយគ្រឿង​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​បែកក្បាល និង​ជ្រុះ​ថង់​លុយ​នៅ​កណ្តាលផ្លូវ​ត្រូវ​អ្នក​ឈរ​មើល​ហេតុ ការណ៍​រើស​បាន​ហើយ​ទុក​ប្រគល់​ឲ្យ​វិញ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២៣០ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ ថ 9733 ភព​១ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែកឯ​រ៉ឺ​ម៉ក​ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​ពី​លិចទៅ​កើត លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​បើកបរ​ទាំង​មាន​ជាតិ​ស្រវឹង ហើយ​ជិះ​លឿន​បាន​ជិះ​ជែង​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ខាង​មុខ ខណៈ​បើក​ជែង​រថយន្ត​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ចំហៀង​ខាងឆ្វេង​បណ្ដាល​ឱ្យ​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​របួស​រយះ​ជើង​ខាងឆ្វេង ចំណែក​អ្នក​បើក​ម៉ូតូ​បង្ក​បាន​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ប៉ោង​ក្បាល​ខាងក្រោយ​ធ្វើ​ឲ្យ​រវើរវាយ​ជ្រុះ​ថង់​ដាក់​លុយ​ពណ៌​ខ្មៅ​ពីលើ​ម៉ូតូ​ចំនួន​១០​ម៉ឺន​ដុល្លារ​ដោយ​មិនដឹង​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើក​ម៉ូតូ​បង្ក​ដែល​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ថង់​លុយ​ដែល​ជ្រុះ​នោះ​ត្រូវ​បាន​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​មានផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ហើយ​បុរស​ជា​ប្តី​បាន​ស្លៀក​ក្រមា​ចេញ​មក​ឈរ​មើល​ហេតុការណ៍​ក៏​រើស​បាន​ថង់​ពណ៌​ខ្មៅ​ស្រាយ​ថង់​មើលឃើញ​សុទ្ធតែ​ក្រដាសប្រាក់​១០០​ដុល្លារ​ចង​ចំនួន​១០​ដុំ​ក៏​មិន​បាន​និយាយ​ស្តី​អ្វី​ទាំងអស់​បាន​កាន់​ថង់​លុយ​នោះ​ជាប់​ដោយ​មិន​ព្រម​ប្រគល់​ឲ្យ​សមត្ថកិច្ច​ទេ រង់ចាំ​លោកស្នងការ​រង​ខណ្ឌទួលគោក​មក និង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​មក​ធ្វើ​ឯកសារ​ច្បាស់លាស់​ទើប​ប្រគល់​ឲ្យ​ទៅ​ជន​រង​គ្រោះ​វិញ ។

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ជា​ជនជាតិ​ថៃ​ដែល​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​គាត់​ទើបតែ​មក​ពី​បើក​លុយ​នៅ​ធនាគារ​យក​ទៅ​បង្វិល​រកស៊ី​ព្រោះ​ពួក​គាត់​ជា​អ្នក​រកស៊ី​លក់​ចាបហួយ និង​លក់​ខោអាវ​បោះ​ដុំ ។ ខណៈ​ដែល​ប្រពន្ធ​មក​ដល់​កន្លែង​កើតហេតុ​ហើយ​អ្នក​ដែល​រើស​បាន​លុយ​មិន​ទាន់​ប្រគល់​ឲ្យ​ភ្លាម​ៗ​ទេ ទាល់តែ​ប្រពន្ធ​បាន​ទៅ​ដឹក​បុរស​ជា​ប្តី​ដែល​រង​របួស​ចេញ​មក​ពី​មន្ទីរពេទ្យ​អះអាង​ថា ជា​ប្រពន្ធ​របស់​គាត់​ពិតប្រាកដ​មែន​ទើប​អ្នក​ដែល​រើស​បាន​លុយ​នោះ​ព្រម​ប្រគល់​ឲ្យ​ទៅ​ស្ត្រី​ជា​ប្រពន្ធ​យក​ទៅ​រក្សា​ទុក ។

ដោយឡែក​ម៉ូតូ​បង្ក និង​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​រា​ចរណ៍​បាន​ចុះ​មក​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

 

Loading...