រឿងរ៉ាវទាក់ទិននឹងរដ្ឋប្រហារនៅភូមា

សូម្បីតែពួកបុគ្គលិកនិងមន្ត្រីកងទ័ពភូមា ក៏មិនបោះឆ្នោតឲ្យមេដឹកនាំយោធាផ្តាច់ការដែរ ហេតុដូច្នេះហើយបានជាធ្វើឲ្យគណបក្សរបស់ពួកមេដឹកនាំយោធាភូមាកាន់តែបាត់បង់សម្លេងថែមទៀត។ ជាក់ស្តែង ក្នុងការបោះឆ្នោតនាខែវិច្ឆិកាកន្លងទៅ នៅរដ្ឋ ឬ ខេត្តមួយចំនួន ដែលមានពួកកងទ័ព បានបោះទីតាំងនៅក៏ដោយ ក៏គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីដែរ ក្នុងរដ្ឋទាំងនោះ នេះសឲ្យឃើញថា ពួកបុគ្គលិកកងទ័ពភូមាក៏គាំទ្រ លោកស្រី ស៊ូជី ដែរ។

បើទោះជារដ្ឋធម្មនុញ្ញដែលពួកមេដឹកនាំយោធាបានតាក់តែង ដោយបំរុងទុកអាសនៈចំនួន 25% សម្រាប់ពួកគេក៏ដោយ ក៏គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី ទទួលបានជ័យជំនះ ជាង 83% ដែរ។ រដ្ឋធម្មនុញ្ញដដែល ក៏ធានាផ្តល់ឲ្យដល់ពួកមេដឹកនាំយោធាភូមានូវការគ្រប់គ្រងក្រសួងការពារជាតិ ក្រសួងសន្តិសុខជាតិ និងក្រសួងកិច្ចការព្រំដែនក៏ដោយ ប៉ុន្តែអ្វីដែលពួកគេគ្មាននោះគឺការគាំទ្រពីប្រជាពលរដ្ឋ សូម្បីតែបន្តិច។

ម្យ៉ាងទៀត ឧត្តមសេនីយ៏ មីន អ៊ុង ឡាំង (Min Aung Hlaing) មានអាយុ 65 ឆ្នាំ ជាអាយុដែលត្រូវចូលនិវត្តន៏ ពីតួនាទីជាមេបញ្ជាការកងទ័ព ដែលនឹងធ្វើឲ្យលោកកាន់តែអស់សិទ្ធិអំណាចថែមទៀត។ លើសពីនេះទៅទៀត មេទ័ពរូបនេះ ភ័យខ្លាចតុលាការអន្តរជាតិនាំទៅកាត់ទោស អំពីឧក្រឹដ្ឋកម្មឃៅរឃៅ របស់ខ្លួន ក្រោយខ្លួនអស់តួនាទីពីកងទ័ព ហើយក៏បារម្ភថា លោកស្រី អ៊ុង សាន ស៊ូជី ក៏នឹងលែងការពាររូបគាត់ដូចមុនទៀត នៅតុលាការអន្តរជាតិ ក្រោយរូបគាត់អស់តួនាទីពីកងទ័ព។

នេះជារឿងរ៉ាវខ្លះៗនៃការធ្វើរដ្ឋប្រហារនៅប្រទេសភូមា ដោយពួកយោធា ដែលបានបង្កើតច្បាប់អាក្រក់ ប៉ុន្តែច្បាប់អាក្រក់ទាំងនោះក៏នៅតែមិនអាចការពារអំណាចខ្លួនបានដែរ។

យោង៖ អត្ថបទកាសែតញូយ៉កថាម

Loading...